ក្រសួង​វប្បធម៌ ធ្វើ​វីដេអូ​បង្ហាញ​តំបន់​ប្រវត្តិសាស្រ្ត​១ ដែល​លាក់ខ្លួន​យ៉ាងជ្រៅ​ក្នុងព្រៃ​ភ្នំ​គូលែន

  • 2018-05-17 09:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កំពុង​ធ្វើ​វីដេអូ​ឯកសារ​បង្ហាញ​ពី​តំបន់​ប្រវត្តិសាស្រ្ត ស្រះ​ដំរី ដែល​ស្ថិតនៅលើ​ភ្នំគូលែន ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​សាធារណៈ​បាន​ស្គាល់​ បាន​ដឹង​ពី​ជំនឿ​វប្បធម៌​ និង​ប្រវត្តិ​នៅ​ក្នុង​តំបន់​ដ៏​ស្រស់ត្រកាល​១នេះ។ នេះ​តាម​ការ​បញ្ជាក់​លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌។

ក្រុមការងារក្រសួង កំពុងថត​វីដេអូឯកសារនៅតំបន់ប្រវត្តិសាស្រ្ត ស្រះដំរី។ រូបថត៖ FB Vegik Ivan
ការ​ធ្វើ​វីដេអូ​នេះ គឺ​ក្នុង​ខណៈ​ដែល​ស្រះដំរី មិនសូវ​មាន​អ្នកស្គាល់ ឬ​ទៅ​ដល់ឡើយ​ ដោយសារតែ​បុរាណដ្ឋាន​នេះ លាក់ខ្លួន​យ៉ាងជ្រៅ​នៅក្នុង​ព្រៃ។ តំបន់​ប្រវត្តិសាស្រ្ត​នេះ ស្ថិតក្នុង​ឃុំខ្នង​ភ្នំ​ ស្រុកស្វាយលើ ខេត្ត​សៀម​រាប​។

លោក​ ប៉ុក បូរក្ស បាន​និយាយ​ថា​ គម្រោ​ងវីដេអូ​ឯកសារ​នេះ​ គឺ​មាន​រយៈ​ពេល​១៥ ទៅ​២០​នាទី។ លោក​បាន​បញ្ជាក់​ បុរាណ​ដ្ឋាន​មួយ​នេះ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​បន្តិច​ ព្រោះ​ត្រូវ​ជិះឡាន ម៉ូតូ និងដើរ​កាត់​ព្រៃ​ជាដើម។ លោក​បន្ត​ថា​ ទម្រាំ​តែ​អាច​ផ្ដិត​យក​រូបភាព​បុរាណ​ដ្ឋាន​ដែល​មាន​អាយុ​​កាល​រាប់ពាន់​ឆ្នាំ​នេះ គឺ​ត្រូវ​ធ្វើ​ដំណើរដល់​ទៅ​៣លើក ព្រោះ​នៅ​តំបន់​ភ្នំ​តែង​មាន​ភ្លៀង​ធ្លាក់​ញឹក​ញាប់​។

ការ​លះបង់​ ការ​តស៊ូ​ជំនះ​ការ​លំបាក​ និងការ​តាំងចិត្ត​ដ៏​មោះមុត​ របស់​ក្រុម​ការងារ​ក្នុងការ​ផលិត​វីដេអូ​នេះ លោក​សង្ឃឹម​ថា​ ​នឹង​អាច​​ជា​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​ទស្សនា​តំបន់​ដ៏​ប្រសិទ្ធ​នេះ ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ។​

ក្រុមការងារក្រសួង កំពុងថត​វីដេអូឯកសារនៅតំបន់ប្រវត្តិសាស្រ្ត ស្រះដំរី ទាំងយប់។ រូបថត៖ FB Vegik Ivan

រមណីយដ្ឋាន​ស្រះ​ដំរី​ មាន​ចម្លាក់​ថ្មភ្នំ​ មាន​រូប​សត្វ​ដំរី​ដ៏​ធំ​ បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដែល​មាន​ស្រះទឹក​នៅ​ពីមុខ​ និង​មាន​ចម្លាក់សត្វ​កង្កែប តោ គោ ខ្លា នៅ​ជិត​គ្នា​។ តា​ម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​បារាំង​ លោក​ ប៊ូល បេ​ (Boul Bet) សន្និដ្ឋាន​ថា តំបន់​នេះ​អាច​មានកើត​ឡើង​ក្នុង​សតវត្ស​ទី ៩​ ។ ប៉ុន្តែ​បើ​តាម​សិលា​ចារិក​ ដែល​បាន​ចារ​ក្រោម​រូប​សត្វ​ដំរី​ មួយ​ឃ្លា​ថា​ "ឥន្ទ្រតបតិសីហ" បង្ហាញ​ថា​ អក្សរ​នេះ​មាន​អាយុកាល​មុន​សម័យ​អង្គរ​ ប្រហែល​ជា​កើត​ឡើង​ក្នុង សតវត្ស​ទី​៨ ហើយ​ពាក្យ​នេះ​ អាច​សម្គាល់​ដល់​ឈ្មោះ​ ព្រះ​មហាក្សត្រ​ ឬ​ជា​ឈ្មោះ អ្នក​ណា​ម្នាក់​ដែល​គេ​ហៅ​ថា​ "សីហ" ឬ​ក៏​អាចជា​ឈ្មោះ​តំបន់​នេះ​ពី​សម័យ​មុន​ក៏​ថា​បាន៕

តំបន់ប្រវត្តិសាស្រ្ត ស្រះដំរី។ រូបថត៖ FB Vegik Ivan

ប្រភព៖ Sabay News អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី
;