សម្ដេច ហ៊ុន សែន៖ កម្ពុជា​មាន​គោលដៅ​មួយ​ចំណុច​លើស​ប្រទេស​ដទៃ

  • 2018-05-17 10:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​តែង​មាន​គោលដៅ​លើស​ប្រទេស​ដទៃ​ចំនួន​មួយ គឺ​ការ​ដោះស្រាយ​ទាក់ទង​នឹង​បញ្ហា​មីន។ ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន បាន​ធ្វើ​ឡើង​ពិធី​បិទ​សន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ២០១៨-២០២៥ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី១៧ ខែ​ឧសភា ២០១៨​នេះ។

សម្ដេច ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ប្រទេស​ដទៃ​មាន​គោលដៅ​ចំនួន ៨​ប៉ុណ្ណោះ ប៉ុន្ដែ​ប្រទេស​កម្ពុជា​មាន​ដល់​ចំនួន​៩ លើស​គេ​មួយ គឺ​ការ​ដោះស្រាយ​ទាក់ទង​នឹង​បញ្ហា​មីន។ សម្ដេច ហ៊ុន សែន ក៏​បាន​បន្ថែម​ថា ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ មិន​មាន​ការ​ដាក់​បញ្ចូល​ការ​ដោះស្រាយ​ទាក់ទង​នឹង​បញ្ហា​មីន​នោះ​ទេ។ សម្ដេច​តេជា​ថា ការ​មិន​ដាក់​បញ្ចូល​នេះ ប្រហែល​មក​ពី​អ្នក​រៀបចំ​ឯកសារ​ទាំង​នោះ គឺ​រៀបចំ​ដោយ​ខ្វះ​ការ​ចូលរួម​មតិ ឬ​មិន​ព្រម​ទទួល​យក​ការពិត​ពី​ប្រទេស​ខ្លះ ដែល​ទទួល​រង​គ្រោះ​ដោយសារ​មីន។

សម្ដេច ហ៊ុន សែន សង្កត់​ធ្ងន់​ថា ទោះ​បី​ជា​ការ​ដោះស្រាយ​ទាក់ទង​បញ្ហា​មីន មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​ជម្នះ​ដាក់​បញ្ចូល​ក្នុង​គោលដៅ​របស់​ខ្លួន ព្រោះ​វា​ជា​គោលដៅ​អាទិភាព​មួយ​ក្នុង​ចំណោម​គោលដៅ​អាទិភាព​ជាច្រើន​របស់​កម្ពុជា៕

សូមបញ្ជាក់ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មកដល់​ឆ្នាំ​២០១៧ កម្ពុជាមាន​ពលរ​ដ្ឋចំនួន​ជាង ៦ម៉ឺន​នាក់ ដែល​រងគ្រោះ​ និងស្លាប់ ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​។ ហើយ​មកទល់នឹងបច្ចុប្បន្ននេះ កម្ពុជាបាន​រកឃើញ និង​បំផ្លាញចោល​ គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​២​ម៉ឺន​៥​ពាន់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង​២​លាន​គ្រាប់៕

អត្ថបទពាក់ព័ន្ធ៖


អត្ថបទ៖ វាសនា