ករណី​វិវាទ​ដីធ្លី​នៅ​កោះកុង៖ ក្រសួង​ដែនដី ចាត់​ក្រុម​ការងារ​ឱ្យចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​ហើយ

  • 2018-05-18 09:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រៀបចំ​ដែនដី នគរ​រូបនីយកម្ម និង​សំណង់ បាន​ចាត់​ក្រុម​ការងារ ឱ្យចុះ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កោះកុង ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នក​កាន់កាប់ និង​ដី ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co., Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

ការ​ចុះពិនិត្យ​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ រហូត​រួចរាល់​ជា​ស្ថាពរ ឈានទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់។

ប្រជាពលរដ្ឋខេត្តកោះកុង ដែល​មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ មកតវ៉ា និងសុំអន្តរាគមន៍ពីក្រសួងដែនដី កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨
ការ​ប្រកាស​របស់​​ក្រសួង​ដែនដី​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្ទុះការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំជី ខ លើ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ដែលមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ទាំង​២​នេះ។ កាលពី​ម្សិលមិញ​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០​នាក់ តំណាង​៣០២​គ្រួសារ មកពី​ភូមិជី ខ លើ បានប៉ះ​ទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច​នៅ​មុខ​ក្រសួង​ដែនដី ក្នុង​អំឡុងពេល​ពួកគេ​ កំពុងសុំ​អន្តរាគមន៍​ពី​លោក​រដ្ឋមន្រ្តី។ ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​នេះ មិនមាន​ការ​ប្រើ​អំពើហិង្សា​នោះទេ។

សូម​បញ្ជាក់​ថា ករណី​វិវាទ​ដីធ្លី​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ។ រហូតមក​ដល់ខែ​មីនា ឆ្នាំ​២០១៨​កន្លង​ទៅ ក្នុង​កិច្ច​ប្រជុំ១​នៅ​ក្រសួង​ដែនដី ប្រជាពលរដ្ឋ​ចំនួន ៣៧៥​គ្រួសារ ក្នុង​ឃុំជី ខ លើ បាន​យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ខាងលើ​នេះហើយ។

កិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋខេត្តកោះកុង និងក្រុមហ៊ុន​ស្ករអំពៅ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅក្រសួងរៀបចំដែនដី។ រូបថត៖ FB ក្រសួងរៀបចំដែនដី

ដោយឡែក​ប្រជាពលរដ្ឋ​១ក្រុម​ទៀត​នៅ​ក្នុង​ឃុំ​នេះ​ប្រមាណ ៣០២​គ្រួសារ ដែល​មិនទាន់​ទទួល​បាន​ដំណោះស្រាយ បាន​មកសុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី តាំង​ពីដើមខែ​ឧសភា។ ក្រោយ​ការប្រកាស​របស់​ក្រសួង​ខាងលើ​នេះ​ ពួកគេ​បាន​យល់ព្រម​ត្រឡប់​ទៅខេត្ត​កោះកុង​វិញ ដើម្បី​រង់ចាំ​ក្រុម​ការងារ​របស់​ក្រសួង ចុះទៅ​ដោះស្រាយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;