ក្រសួង​កសិកម្ម បំភ្លឺ​រឿង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​កម្ពុជា

  • 2018-05-18 12:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា អ្នក​វិនិយោគ​វៀតណាម គ្រាន់តែ​បង្ហាញ​ពី​គោល​បំណង​នៃការ​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ផ្នែក​ដំណាំ​ស្បៀង​សុវត្ថិភាព​តែ​ប៉ុណ្ណោះ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម នៅថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨នេះ។

ការ​ចេញ​សេចក្តី​បំភ្លឺ​នេះ គឺ​ក្រោយ​ពេលដែល​អ្នក​ជំនាញ​កសិកម្ម និង​ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ក៏​ដូចជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ បាន​បង្ហាញ​ក្តីបារម្ភ ស្តីពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​កសិកម្ម​វៀតណាម នៅ​កម្ពុជា។ ការ​បង្ហាញ​ក្តី​បារម្ភ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ធំ​មួយ​របស់​វៀតណាម គឺ​ក្រុមហ៊ុន FLC Group ចង់​បោះទុន​ជា​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩​ខាងមុខ វិនិយោគ​លើ​ការដាំដុះ​បន្លែ និង​ផ្លែឈើ​សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ទេសចរ​ក្នុងស្រុក​។ គម្រោង​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុងជំនួប​រវាង​លោក ​វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ប្រតិភូ​ក្រុមហ៊ុន​វៀតណាម FVC Group កាលពី​ថ្ងៃទី​១០ ខែ​ឧសភា​កន្លង​ទៅ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងជំនួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនវៀតណាម FLC Group កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។ រូបថត៖ FB ក្រសួងកសិកម្ម
ក្រសួង​កសិកម្ម បាន​ហៅការ​បារម្ភ​ទាំងនេះ​ថា ជាការ​វិភាគ​មិនទាន់​គ្រប់ជ្រុង​ជ្រោយ និង​ស្វែងយល់​ឱ្យបាន​ស៊ី​ជម្រៅ​ពី​គោលបំណង​វិនិយោគ​នេះ​នៅ​ឡើយទេ។

ក្រសួង​ពន្យល់​ថា ប្រសិន​បើ​គម្រោង​នេះ​ដំណើរការ ក្រុមហ៊ុន​វៀតណាម នឹង​សហការ​ជាមួយ​កសិករ​ដាំបន្លែ ផ្លែឈើ សហគមន៍​កសិកម្ម​ក្នុងស្រុក ដើម្បី​ធ្វើការ​ផលិត​តាម​គោលការណ៍​កសិកម្ម​សរីរាង្គ សម្រាប់​ផ្គត់ផ្គង់​សណ្ឋាគារ កន្លែង​លម្ហែកាយ ទាំងនៅ​កម្ពុជា និង​វៀតណាម។ ក្រុមហ៊ុន នឹង​រៀបចំ​កសិដ្ឋាន​ដាំដុះ​គំរូ ដើម្បី​បង្ហាញ​ឱ្យ​កសិករ​ធ្វើការ​ដាំដុះ តាម​បទដ្ឋាន​បច្ចេកទេស​សមស្រប ពូជមាន​ទិន្នផល​ខ្ពស់ ហើយ​ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​មកវិញ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​តាម​គោលបំណង​ខាងលើ​នេះ។

កសិករក្នុងស្រុកម្នាក់ កំពុងបេះបន្លែ ក្នុងចម្ការ

ក្រសួង​កសិកម្ម​បន្ត​ថា គម្រោង​នេះ មិនទាន់​ត្រូវបាន​ចាប់ផ្តើម​ឡើយ ដោយសារតែ​អ្នក​វិនិយោគ មិនទាន់​ធ្វើការ​សិក្សា​បាន​ច្បាស់លាស់​ស្តីពី​ផែនការ​លើការ​បោះទុន​វិនិយោគ​នេះ​នៅ​ឡើយ។

ក្រសួង​បន្ថែម​ថា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ត្រូវលើក​សំណើ​សុំការ​គាំទ្រ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយត្រូវ​ដាក់ឆ្លង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ពិនិត្យ និងការ​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ ព្រមទាំង​ត្រូវមាន​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​ផងដែរ៕

អត្ថបទពាក់ព័ន្ធ៖ អ្នក​ជំនាញ​ ប្រតិកម្ម​នឹង​គម្រោង​វិនិយោគ​​របស់​ក្រុមហ៊ុន​កសិកម្ម​វៀតណាម

អត្ថបទ៖ សំភី

អត្ថបទថ្មី
;