សមត្ថកិច្ច​ចាប់​ពោះវៀនតាន់ កន្សោម​ដោះគោ សត្វ​ឌុកឌឿ ចង្រិត និង​កន្តេះឡង់ ដែល​នាំចូល​ពីថៃ

  • 2018-05-18 13:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពោះវៀន​តាន់ កន្សោម​ដោះគោ សត្វ​ឌុកឌឿ សត្វ​ចង្រិត​តូច ចង្រិត​ធំ និង​សត្វ​កន្តេះឡង់ សរុប​ប្រមាណ​ ១តោន ដែល​ដឹកតាម​រថយន្ត​ក្រុង នាំចូល​មកពី​ប្រទេស​ថៃ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ មន្រ្តី​កាំកុងត្រូល ចុះ​ចាប់ កាលពី​ព្រឹក​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨។ ការ​បង្រ្កាប​នេះ ធ្វើឡើង​នៅក្នុង​រថយន្ត​ក្រុង និង​រថយន្ត​យីឌុប នៅ​ផ្លូវលេខ៤៨៣ សង្កាត់​ទួលស្វាយព្រៃ២ ខណ្ឌ​ចំការមន។

ពោះវៀន​តាន់ កន្សោម​ដោះគោ សត្វ​ឌុកឌឿ សត្វ​ចង្រិត​តូច ចង្រិត​ធំ និង​សត្វ​កន្តេះឡង់ ដែលសមត្ថកិច្ចបានរឹបអូស កាលពី​ព្រឹក​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨។
លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានថ្លែង​ឲ្យដឹង​ថា បន្ទាប់ពី​បាន​ធ្វើការ​តាមដាន​តាំងពី​យប់​រហូត​ដល់​ព្រឹក ទើប​ក្រុម​ការងារ​ធ្វើការ​ចុះ​ទៅ​ឆែកឆេរ​រថយន្ត​ខាងលើ​នេះ​តែម្តង។ ក្រោយ​ឆែកឆេរ គឺបាន​រកឃើញ​សាច់៦មុខ​ដូចជា ឌុកឌឿ ចង្រិត​តូច ពោះវៀន​តាន់ កន្សោម​ដោះគោ ចង្រិត​ធំ កន្តេះ​ឡង់ នាំចូល​ពី​ប្រទស​ថៃ ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។

លោកបាន​បញ្ជាក់​ថា បន្ទាប់ពី​ធ្វើការ​រឹបអូស​ ក្រុម​ការងារ​របស់​លោក នឹង​យកទៅ​ដុត​កម្ទេច​ចោល​ភ្លាមៗ​នៅ​ទីលាន​ដុត​សំរាម​ជើងឯក​តែម្តង។

ចំណែក​លោក គង់ វុទ្ធី អនុ​ប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុងទី​ភ្នំពេញ​បាន​ឲ្យដឹង​ថា សាច់ និង​សត្វល្អិត​ទាំងនេះ គឺ​នាំចូល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយការ​វេចខ្ចប់​មិនស្អាត និងគ្មាន​អនាម័យ​​ឡើយ។ យ៉ាងណា​ក៏ដោយ​ក្រុម​ការងារ​ចម្រុះ​ មិនបាន​ឃាត់ខ្លួន​ម្ចាស់​នាំចូល​ទំនិញ​នេះទេ ដោយ​គ្រាន់​តែ​ធ្វើកិច្ច​សន្យា​បញ្ឈប់​ការ​នាំចូល​តែ​ប៉ុណ្ណោះ៕

រូបថត៖ ផ្តល់ឱ្យ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;