ស្លាប់​ជាង​១០០​នាក់ រស់​តែ​៣នាក់ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​គុយបា

  • 2018-05-19 01:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ជាង ១០០នាក់ បាន​ស្លាប់ ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​មួយ នៅ​ព្រលាន​យន្តហោះ Jose Marti ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ ពី​ក្រុង Havana ប្រទេស​គុយបា នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

យន្តហោះបានធ្លាក់នៅទីវាលមួយ នៅក្បែរក្រុង Havana ប្រទេសគុយបា (រូបថត៖ EPA)
សារព័ត៌មាន Granma បាន​រាយការណ៍​ថា មនុស្ស ៣​នាក់ បាន​រួច​ផុត​ពី​ការ​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ប៉ុន្តែ​ជនរងគ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

បើ​តាម​វេបសាយ​របស់​នាយកដ្ឋាន​ដឹក​ជញ្ជូន​ម៉ិកស៊ីកូ បាន​ឲ្យដឹង​ថា ពេល​ហោះ​ចេញ​ពី​ព្រលាន ​យន្តហោះ​ប្រហែល​ជា​មាន​បញ្ហា​មួយ តែ​មិន​បាន​បញ្ជាក់​ថា​ជា​បញ្ហា​អ្វី​នោះ​ទេ។

បំណែកយន្តហោះ មាននៅគ្រប់ទីកន្លែង នៅទីតាំងធ្លាក់យន្តហោះ (រូបថត៖ Reuters)

យន្តហោះ​ម៉ូដែល​ប៊ូអ៊ីញ 737-201 បាន​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ Jose Marti ដើម្បី​ឆ្ពោះ​ទៅកាន់​ព្រលាន​យន្តហោះ Holguin ដោយ​មាន​ផ្ទុក​អ្នកដំណើរ និង​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ សរុប​ចំនួន ១១០​នាក់។ នេះ​ជា​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ិកស៊ីកូ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​យន្តហោះ​មួយ​នេះ។

អាជ្ញាធរ​ម៉ិកស៊ីកូ បាន​ឲ្យដឹង​ថា យន្តហោះ​ខាងលើ​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​ជោគជ័យ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;