ក្រសួង​​ប្រកាស​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​បង្កើន​តណ្ហា​បុរស KINGMAN ​ដែល​អាច​នាំ​ឲ្យ​គាំង​បេះដូង

  • 2018-05-19 04:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​សាធារណជន ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ឱសថ​បង្កើន​តណ្ហា​បុរស ឈ្មោះ KING MAN ផលិត​នៅ​អាមេរិក ដែល​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការ​ត្រួត​ពិនិត្យ និង​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង។

ឱសថ KING MAN
សេចក្ដី​ជូនដំណឹង​នេះ ត្រូវ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ឱសថ KING MAN តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​គណនី "មន្តស្នេហ៍បុរស", “Mona Lika” និង "A NY FC” ដោយ​បំផ្លើស​ហួស​ពី​ការ​ពិត ដូចជា​ការ​បង្កើន​តណ្ហា​ផ្លូវ​ភេទ​បុរស ជួយ​សម្រួល​ក្រពេញ​ប្រូស្តាត ជួយ​ព្យាបាល​ជំងឺ​តម្រងនោម ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ទឹក​នោមប្រៃ និង​ជំងឺ​លើស​ឈាម​ជាដើម។

ក្រសួង​បន្ត​ថា ការ​ប្រើប្រាស់​ឱសថ​ខាងលើ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត ដោយសារ​គាំង​បេះដូង​។ ក្រសួង​នឹង​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​មួយ​ចំនួន ដែល​នាំចូល ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ​ឱសថ KING MAN ។

ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ប្រទះ​ជន​ណា​ដែល​កំពុង​ប្រើប្រាស់ លក់ ចែកចាយ ផលិតផល​ឱសថ KING MAN ផ្ដល់​ព័ត៌មាន ឬ​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង ដោយ​​ទាក់ទង​តាម​រយៈ​លេខ​ទូរសព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤ និង ០១២ ៨៩២ ០២២ ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;