ក្រសួង​ផែនការ បង្ហាញ​ភាព​ជោគជ័យ​៦ចំណុច​របស់​កម្ពុជា ដែលត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល

  • 2018-05-20 03:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អន្តរ​ក្រសួង​ដើម្បី​ណែនាំ​ពី​គោលការណ៍​រៀបចំ​ធាតុចូល​សម្រាប់​រៀបចំ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ លោក ឆាយ ថន រដ្ឋមន្រ្តី​ក្រសួង​ផែនការ បាន​បង្ហាញ​ ៦ចំណុច​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បាន ហើយ​ត្រូវបាន​ទទួល​ស្គាល់​ជា​សកល។

លោក ឆាយ ថន ថ្លែងក្នុងពិធី​បើក​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ស្តីពីផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨។ រូបថត៖ FB ខុទ្ធកាល័យក្រសួងផែនការ
**ចំណុច​ទាំង៦នោះ​រួមមាន**៖

១. ប្រជាជន​កម្ពុជា​បាន​រស់នៅ​ក្នុង​សន្តិភាព​ពេញលេញ គ្មានការ​ភ័យខ្លាច។

២. ពី​ប្រទេស​ដែលត្រូវ​បាន​គេ​មកជួយ​ដោះស្រាយ​ទំនាស់​ផ្ទៃក្នុង​ ពេលនេះ​បាន បញ្ជូន​​មន្រ្តី​របស់​កម្ពុជា ទៅជួយ​បណ្តា​ប្រទេស​មួយ​ចំនួន​វិញ និង​ក្លាយ​ជា ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​ធំៗ​ជាច្រើន​ដែលមាន​មេដឹកនាំ​ប្រទេស​មហា​អំណាច​ទាំងអស់​ លើ​សកលលោក​មក​ចូលរួម។

៣. ពី​ប្រទេស​ដែលខ្វះ​ស្បៀង​អាហារ ទៅ​ជា​ប្រទេស​នាំស្បៀង​ទៅ​ផ្តត់ផ្គង់​ទីផ្សារ​ក្រៅ​ប្រទេស។

៤. ពី​ប្រទេស​ដែលមាន​ការ​ភ័យខ្លាច ទៅជា​ប្រទេស​ដែល​កំពុង​ទាក់ទាញ​ទេសចរ​ដ៏ច្រើន​មក​ទស្សនា និង​ស្នាក់នៅ និងអាច​ដើរ​ហើរគ្រប់​ទី​កន្លែង​និង​គ្រប់ពេល​វេលា។

៥. ពី​ប្រទេស​ដែល​ប្រជាជន​មាន​ប្រាក់​ចំណូលទាប​ប្រមាណ ២០០ដុល្លារ​អាមេរិក នៅក្នុង ទស្សវត្សរ៍​ឆ្នាំ​២០០០ កើនមក​ដល់​ប្រមាណ​ជិត ១៥០០ដុល្លារ​អាមេរិក ក្នុងឆ្នាំ​២០១៧ ជា​ពិសេស បានឈាន​ដល់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប។

និង ៦. ពី​ប្រទេស​ដែល​ប្រជាជន​រស់នៅ​ក្រោម​ខ្សែ​បន្ទាត់​ភាពក្រីក្រ​រង្វង់​៥០% នៅក្នុង​ឆ្នាំ២០០៧ ធ្លាក់​មកទាប​ជាង ១៣,៥% នៅក្នុង​ឆ្នាំ២០១៤ និង​បន្ត​ធ្លាក់ចុះ​ជា​បន្តទៀត។

ក្រសួងផែនការ បាន​បញ្ជាក់​ថា ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ គឺជា​ឯកសារ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលនឹង​បង្ហាញ​លម្អិត​នូវ​សកម្មភាព កម្មវិធី និង គម្រោង​សំខាន់ៗ សំដៅ​ធ្វើឲ្យ​បាន​សម្រេច​នូវ​បណ្ដា​គោលដៅ​អាទិភាព​របស់​ជាតិ ដូចមាន​ចែង​នៅក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;