អភិបាល​ខេត្ត​រតនគិរី ស្នើឱ្យ​ចិន ចូលមក​វិនិយោគ​លើការ​កែច្នៃ​ផលិតផល​សម្រេច

  • 2018-05-20 13:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ស្នើឱ្យ​ភាគី​ចិន ចូល​មក​វិនិយោគ​លើការ​កែច្នៃ​ផលិតផល​សម្រេច​សម្រាប់​ការ​នាំចេញ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀត។ សំណើ​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​លោក​ទទួល​ជួបប្រតិភូ​ទីក្រុង​ខុងជ័រ ខេត្ត​ក្វាងស៊ី ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅខេត្ត​រតនគិរី។

ប្រតិភូក្រុងខុងជ័រ ខេត្តក្វាងស៊ី ក្នុងជំនួបជាមួយអភិបាលខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ រូបថត៖ FB រដ្ឋបាលខេត្តរតនគិរី
លោក​អភិបាលខេត្ត បាន​ជម្រាប​ជូន​គណៈប្រតិភូ​ចិន អំពី​សក្តានុពល​ខេត្ត​រតនគិរី ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ ពិសេស​ស្ថានភាព​ផ្ទៃដី​អំណោយផល​ខាង​វិស័យ​កសិកម្ម និង​កសិ​ឧស្សាហកម្ម។ ជាមួយ​គ្នានេះ ខេត្ត​រតនគិរី ក៏មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៥​ក្រុមហ៊ុន និង​ក្រុមហ៊ុន​វិនិយោគ​លើការ​កែច្នៃ​កៅស៊ូ ដំឡូងមី​ និង​ផលិតផល​ផ្សេងៗ​ទៀត​ផងដែរ។

ជាការឆ្លើយតប លោក វ៉ាន ចុងស៊ីង អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ក្រុងចុងជ័រ ដែលជា​អ្នក​ដឹកនាំ​គណៈប្រតិភូ បាន​បញ្ជាក់​ថា លោកនឹង​ជំរុញ​អ្នក​វិនិយោគ​ឯកជន​បន្ថែមទៀត​ ឱ្យមក​វិនិយោគ​នៅខេត្ត​រតនគិរី​ផ្ទាល់។

លោកក៏​បាន​ជំរុញ​ឱ្យ​មាន​ទស្សនកិច្ច​សិក្សា​លើ​ការងារ​បេតិកភណ្ឌ ស្វែងយល់​អំពី​ប្រព័ន្ធ​នៃការ​គ្រប់គ្រង​រដ្ឋបាល ការរក្សា​គ្រប់គ្រង​តំបន់​អភិរក្ស និង​ការងារ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ជំរុញ​ការ​ផ្លាស់ប្តូរ​គ្រប់​វិស័យ ជាពិសេស​ជំរុញ​ឱ្យ​យុវជន​បន្តវេន​ ផ្លាស់ប្តូរ​វប្បធម៌​នៃខេត្ត​ទាំងពីរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;