ក្រុមហ៊ុន​កាមេរ៉ា​មួយ បញ្ចេញ​លក់​ទូរសព្ទ​ជំនាញ​ខាង​ថតរូប

  • 2018-05-21 08:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូរសព្ទ Kodak Ektra ដែល​មាន​ជំនាញ​ខាង​ថតរូប ត្រូវ​បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ ដោយ​ក្រុមហ៊ុន Kodak ។ កាមេរ៉ា​ទូរសព្ទ​នេះ ត្រូវ​បាន​យក​លំនាំ​តាម​កាមេរ៉ា​អាជីព ម៉ូដែល Ektra ដែល​ត្រូវ​បាន​ប្រកាស​ចេញ​កាលពី​ឆ្នាំ​១៩៤០​។

កាមេរ៉ាខាងក្រោយរបស់ Kodak Ektra មានទំហំ ២១​មេហ្គាភីកសែល ជាមួយ​នឹងSensor ម៉ូដែល IMX230 របស់​ក្រុមហ៊ុន Sony
Kodak Ektra មាន​បំពាក់​កាមេរ៉ា​ដ៏​ធំ​មួយ​នៅ​ខាងក្រោយ ដែល​មាន​ទំហំ ២១​មេហ្គាភីកសែល ជាមួយ​នឹងSensor ម៉ូដែល IMX230 របស់​ក្រុមហ៊ុន Sony ។ កែវ​ឡេនស៍ របស់​ទូរសព្ទ​នេះ​មាន​ទំហំ​ចាប់​យក​រូបភាព 26mm និង​អាច​បើក​ចំហ Aperture ដើម្បី​ចាប់​យក​ពន្លឺ​បាន​ក្នុង​កម្រិត f/2.0 ។

ការ​ថតរូប​លើ​ទូរសព្ទ​នេះ មាន​លក្ខណៈ​ចម្រុះ​ច្រើន​បែប ដោយ​អាច​កំណត់​ជា ការ​ថត​រូប​មនុស្ស ការ​ថត​កីឡា ការ​ថត​ព្រាល​ក្រោយ ការ​ថត​ពេល​យប់ ការ​ថត​បែប​ HDR ការ​ថត​បែប​ធំ​ទូលាយ ការ​ថត វត្ថុ​តូច​ល្អិត ការ​ថត​ទេសភាព និង​ការ​ថត​វីដេអូ​។

ការថតរូបលើ Kodak Ektra

ចំពោះ​រូបរាង​ខាងក្រៅ Kodak Ektra ត្រូវ​បាន​ផលិត​ឡើង​ដោយ​ស្បែក ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​កាន់។ ចំណែក​អេក្រង់​ខាង​មុខ មាន​ទំហំ ៥​អ៊ីញ កម្រិត Full HD ជា​ប្រភេទ​ចុច​លើ​អេក្រង់។

រីឯ​កាមេរ៉ា​ខាង​មុខ មាន​ទំហំ ១៣​មេហ្គាភីកសែល កម្រិត​បើក​ចំហ Aperture ដើម្បី​ចាប់យក​ពន្លឺ​បាន​ដល់ f/2.2 ។ យ៉ាង​ណា​មិញ កាមេរ៉ា​ខាងមុខ​របស់ Kodak Ektra មិន​មាន​មុខងារ​ជួយ​ធ្វើ​ឲ្យ​មុខ​ស្អាត ម៉ត់​រលោង ឬ​មុខងារ​បញ្ញាសិប្បនិម្មិត (AI) សម្រាប់​ជួយ​កែ​រូបថត ដូច​ស្មាត​ហ្វូន​នា​ពេល​បច្ចុប្បន្ន​ឡើយ​។

Kodak Ektra ប្រើប្រាស់​បន្ទះ​ឈីប MediaTek Helio X20, RAM ទំហំ 3GB និង​អង្គ​ផ្ទុក​ទិន្នន័យ 32GB ។ ថាមពល​ថ្ម មាន​ដល់ 3000mAh ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​ត្រឹមតែ​ជិត ៣០០​ដុល្លារ​ប៉ុណ្ណោះ​៕

រូបថត ថតពីកាមេរ៉ាទូរសព្ទ Kodak Ektra
រូបថត ថតពីកាមេរ៉ាទូរសព្ទ Kodak Ektra

រូបរាងទូរសព្ទ Kodak Ektra

រូបថត៖ Zing

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;