សម្ដេចហ៊ុន សែន លើក​ឡើង​ពី​បញ្ហា​របស់ ឆេង ម៉េង ក្នុង​ពាន​ស្ដេច​ព្រុយណេ

  • 2018-05-22 09:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​រឿង​របស់​កីឡាករ ឆេង ម៉េង របស់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ២១​ឆ្នាំ​កម្ពុជា ដែល​ទទួល​ការ​ជេរស្ដី​ ឬ​ការ​ប្រើ​ពាក្យ​មិន​សមរម្យ​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុកនា​ពេល​កន្លង​ទៅ​។ សម្ដេច បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ជេរ​កីឡាករ ទោះ​បី​ជា​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​រហូត​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ ដូចជា ករណី​របស់ ឆេង ម៉េង ក៏ដោយ​។

សម្ដេច ហ៊ុន សែន ថ្លែងនៅវិមានសន្តិភាព កាលពីពេលកន្លងទៅ
ការ​លើកឡើង​នេះ ​ត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​២២​ឧសភា ​ក្នុង​ជួប​សំណេះសំណាល ក្រុម​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ-កីឡា​ការិនី​កីឡា​តេក្វាន់ដូ ITF កម្ពុជា ក៏​ដូចជា​ប្រគល់​ប្រាក់​រង្វាន់​របស់​រាជរដ្ឋាភិបាល ដល់​ម្ចាស់​ជយលាភី ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី លើកទី៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុងហ្គោលី​។

សម្ដេច​បាន​ពន្យល់​ថា មិន​គួរ​ឲ្យ​កើត​មាន​រឿង​បែប​នេះ​ចំពោះ​កីឡាករ​កម្ពុជា​ឡើយ។ លើសពី​នេះ នាយករដ្ឋមន្ត្រី​បាន​លើក​ទឹកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា ដែល​ខិតខំ​រហូត​បាន​ឈាន​ដល់​វគ្គផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Hassanal Bolkiah Trophy 2018 ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ព្រុយ​ណេ កាលពី​ខែ​មេសា កន្លង​ទៅ។

ឆេង ម៉េង ទាត់បាល់ទៅបុកកីឡាករទីម័រដែលកំពុងដួល អំឡុងការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​​ដែល​កម្ពុជា ចាញ់ ទីម័រខាងកើត ដោយ​លទ្ធផល ០-១

សូម​រំឭក​ថា ឆេង ម៉េង បាន​ទទួល​ក្រហម​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​​ដែល​កម្ពុជា ចាញ់ ទីម័រខាងកើត ដោយ​លទ្ធផល ០-១ ពានរង្វាន់​ខាងលើ។ កីឡាករ​ពាក់​លេខ​៣ រូប​នេះ បាន​ទាត់បាល់​ទៅ​បុក​កីឡាករ​របស់​ទីម័រ​ដែល​ដួល ហើយ​បាន​បញ្ចេញ​កាយវិការ​មិន​សមរម្យ នៅ​ពេល​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី​ និង​កីឡាករ​របស់​ទីម័រ​ដទៃ​ទៀត​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;