ទុរេន​ថៃ នាំចេញ​ទៅចិន កើន​ឡើង ៧០០% ក្រោយ​​​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Jack Ma

  • 2018-05-22 14:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ បាន​នាំចេញ​ផ្លែទុរេន ១២ម៉ឺន​តោន ក្នុង​ខែមេសា ឆ្នាំ២០១៨ កើន​ឡើង ១៣៥% បើ​ធៀប​ខែមេសា ឆ្នាំ២០១៧ ហើយ​បើ​គិត​ជា​ទឹកប្រាក់​វិញ គឺ ២២០លាន​ដុល្លារ កើន​ឡើង ២០៧%។ ក្នុង​នោះ ទុរេន ៥៦០០០តោន ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​ស្មើ​នឹង​ការ​កើន​ឡើង​ដល់ទៅ ៧០០%។

ទុរេន​លក់​នៅ​ថៃ
កំណើន​នៃ​ការ​នាំចេញ​ផ្លែទុរេន​ដ៏ច្រើន​ទៅ​កាន់​ប្រទេស​ចិន​នេះ គឺ​កើត​ឡើង​ ក្រោយ​ពី​រដ្ឋាភិបាល​ថៃ បាន​​ចុះ​កិច្ច​ព្រមព្រៀងជាមួយ​ក្រុមហ៊ុន Alibaba របស់ Jack Ma កាលពី​ខែមេសា​កន្លងទៅ។ កិច្ចព្រមព្រៀង​ទិញ​ផ្លែ​ទុរេន​ថៃ យក​ទៅ​លក់​នៅ​លើ​វិបសាយ​​លក់​ទំនិញ​អនឡាញ​របស់ Jack Ma នោះ មាន​តម្លៃ ៤២៨លាន​ដុល្លារ។
ទុរេន​ដាក់​លក់​នៅ​លើ​វិបសាយ Tmall របស់​ក្រុមហ៊ុន Alibaba

បើ​គិត​ជា​រួម​វិញ ក្នុង​រយៈពេល​១ខែដដែលនេះ ថៃ​បាន​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ ក្នុងតម្លៃ​ទឹកប្រាក់ ១៨,៩៤ពាន់​លាន​ដុល្លារ កើន​ឡើង ១២,៣៤%។ ចំណែក​ឯ​ការ​នាំចេញសរុប រយៈពេល ៤ខែ​ដំបូង​នៃ​ឆ្នាំ២០១៨ គឺ​មាន​តម្លៃ​ ៨១,៧៧ពាន់​លាន​ដុល្លារ កើនឡើង ១១,៥៣%។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Pimchanok Vonkorpon អគ្គនាយិកា​ការិយាល័យ​យុទ្ធសាស្រ្ដ និងគោលនយោបាយ​ពាណិជ្ជកម្ម​ថៃ៕

ចុចអាន៖ Jack Ma ទៅដល់ថៃ ដើម្បី​ចុះ​​​កិច្ចព្រមព្រៀង​វិនិយោគ​ ៤ ក្នុងទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ!

អ្នក​លក់​ទុរេននៅថៃ (រូបភាព៖ Bangkok Post)

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;