ថៃ ត្រៀម​ចាយ​លុយជិត ១ពាន់​លាន​ដុល្លារ ជួយ​ទប់​តម្លៃ​សាំង កុំ​ឲ្យ​ឡើង​តាម​ទីផ្សារ​អន្តរជាតិ

  • 2018-05-22 14:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ ត្រៀម​បង្កើត​មូលនិធិ​ប្រេង​របស់​រដ្ឋ ដើម្បី​ជួយ​ទប់​តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​ កុំ​ឲ្យ​កើន​ឡើង​​ច្រើន​តាម​តម្លៃ​ប្រេង​អន្តរជាតិ។ នេះ​បើ​តាម​ការ​បញ្ជាប់​របស់​រដ្ឋមន្រ្ដី​ក្រសួង​ថាមពល​ថៃ Siri Jirapongphan នា​ថ្ងៃ​អង្គារ​នេះ។

មូលនិធិ​​ឧបត្ថម្ភ​ធន​របស់​រដ្ឋ ដែល​មាន​តម្លៃ ៣០ពាន់​លាន​បាត (ប្រមាណ ៩៣៧លាន​ដុល្លារ​អាមេរិក) នេះ នឹង​អាច​​ជួយ​កាត់​បន្ថយ​ថ្លៃ​លក់​រាយប្រេង​សាំង​ បាន​ ៥០% នៃ​តម្លៃ​ដែល​ត្រូវ​កើន​ឡើង។ លោក​រដ្ឋមន្រ្ដីដដែល បាន​ពន្យល់ថា ប្រសិន​បើ​ថ្លៃ​លក់​រាយ​ត្រូវ​កើន​ឡើង​ ១បាត​ក្នុង១លីត្រ នោះ​វា​នឹង​​ជួយ​កាត់​បន្ថយ មក​ត្រឹម​ការឡើង​ថ្លៃ ០,៥បាត​​វិញ។

រូបភាព៖ Bangkok Post
លោករដ្ឋមន្រ្ដី Siri Jirapongphan បាន​បន្ថែម​ទៀតថា ប្រាក់​ឧបត្ថម្ភ​ធន​របស់​រដ្ឋ​នេះ នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ឡើង​ថ្លៃ​ប្រេង​អន្តរជាតិ ដែល​រំពឹង​ថា​នឹង​អាច​កើន​ឡើង​ដល់ ៨០ដុល្លារ ក្នុង​១បារ៉ែល នា​ពេល​ដ៏​ខ្លី​ខាងមុខ។

រដ្ឋាភិបាល​ថៃ មាន​បំណង​ទប់​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ ត្រឹម​ ៣០បាតក្នុង​១លីត្រ (ប្រហែល ៣៨០០រៀល) ខណៈ ២ខែចុងក្រោយ វា​បាន​កើន​ឡើង​ដល់ទៅ ៣បាត។

មូលនិធិ​ឧបត្ថម្ភ​ធន​របស់​រដ្ឋ​ដើម្បី​ទប់​តម្លៃ​ប្រេង​នេះ នឹង​ត្រូវ​ទទួល​ការ​អនុម័ត​ពី​ការិយាល័យ​ផែនការ និង​គោលនយោបាយ​ថាមពល ក្នុងសប្ដាហ៍នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;