Pahang ចាញ់​ជាប់ៗគ្នា​ក្រោយ​គ្មាន CV11 ខណៈ​ក្រុម​របស់ ធារី យក​ឈ្នះ​ក្រុម​ខ្លាំង

  • 2018-05-23 03:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Pahang FA ដែល​បាន​ចែក​ផ្លូវ​ពី​កីឡាករ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ស្គាល់​ពាក្យ​ថា​ចាញ់ ២លើក​ជាប់​ៗគ្នា​ក្នុង​រដូវ​កាល​២០១៨​នេះ បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​លេខ៥ Kedah ដោយ​លទ្ធផល ២-០ កាលពី​យប់មិញ។ ផ្ទុយ​ទៅ​វិញ​ក្រុម Terengganu ដែល​តែងតែ​ជឿ​ជាក់​លើ​កីឡាករ ធារី ចន្ថាប៊ីន នៅ​តំបន់​បម្រើ​ការពារ បាន​យក​ឈ្នះ​ក្រុម​លេខ២ Perak ដោយ​លទ្ធផល ២-០ ។

Pahang ចាញ់ Kedah ដោយលទ្ធផល ២-០ កាលពីយប់មិញ (រូបថត៖ Pahang FA)
Pahang ហាក់​មាន​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ ចាប់​តាំងពី​គ្រូ​បង្វឹក​លោក Dollah Salleh បញ្ចប់​កុងត្រា​របស់ វឌ្ឍនាកា មុន​កាល​កំណត់។ តួយ៉ាង បរាជ័យ ២​ប្រកួត​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា Pahang មិន​អាច​រក​បាន​សូម្បី​តែ​១គ្រាប់ ក្នុង​នោះ​សប្ដាហ៍​មុន Pahang ចាញ់ Terengganu ដោយ​លទ្ធផល ០-១។

ក្នុង​ការ​ប្រកួត​យប់មិញ ក្រុម​ម្ចាស់ផ្ទះ Kedah បាន​លត់​កូន​ក្រុម​របស់​លោក Dollah Salleh តាម​រយៈ​ការ​រក​គ្រាប់​បាល់ នៅ​ក្នុង​នាទី ៤៥ និង ៨៩ ។

ដោយឡែក Terengganu ត្រូវ​សង្កេត​ឃើញ​ថា ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង ២​ប្រកួត​ចុងក្រោយ។ ជាក់ស្ដែង Pahang ដែល​ពួកគេ​បាន​យក​ឈ្នះ​សប្ដាហ៍​មុន និង​ក្លឹប Perak ដែល​យក​ឈ្នះ​យប់មិញ គឺ​សុទ្ធតែ​ជា​ក្រុម​ដែល​ឈរ​នៅ​លើ Terengganu ទាំងអស់​ក្នុង​តារា​លីគ​កំពូល​ម៉ាឡេស៊ី។

Terengganu រក​បាន ២​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់នឹង Perak ដោយ​ខ្សែប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង Tchetche Kipre នៅ​នាទី ២៥ និង ៥២ ។

កីឡាករកម្ពុជា ធារី ចន្ថាប៊ីន បង្ហាញខ្លួនជាជម្រើស១១នាក់ដំបូងក្នុងការប្រកួតរវាង Terengganu ជាមួយ Perak ដែលបញ្ចប់ទៅដោយលទ្ធផល ២-០ (រូបថត៖ Terengganu FC)

សូម​បញ្ជាក់​ថា គិត​ត្រឹម​សប្ដាហ៍​ទី​១១នេះ Terengganu ឈរ​លេខ​៤ មាន ១៨​ពិន្ទុ​ស្មើ​ជាមួយ Pahang តែ Pahang មាន​គ្រាប់​បាល់​ចំណេញ​លើស ៣​គ្រាប់។ ដោយឡែក Perak មាន ២០​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Johor Darul Ta'Zim ៥​ពិន្ទុ (Johor Darul Ta'Zim សល់​១ប្រកួត​ក្នុងដៃ​ដោយ​ត្រូវ​ប្រកួត​យប់មិញ)​៕

ទស្សនាវីដេអូការប្រកួតក្រុមទាំងពីរ កាលពីយប់មិញ

Kedah Vs Pahang

Terengganu Vs Perak

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;