វៀតណាម ត្រូវការ ៥ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់ និង​ពង្រីក​ព្រលាន​យន្តហោះ​ធំៗ​៣

  • 2018-05-23 07:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម ត្រូវការ​លុយ​ជាង ៥ពាន់លាន​ដុល្លារ​ ដើម្បី​សាងសង់​ព្រលាន​យន្តហោះ Long Thanh និង​ពង្រីក​ព្រលាន​យន្តហោះ Noi Bai និង Tan Son Nhat ក្នុង​អំឡុង​ឆ្នាំ ២០១៨-២០២១ ជាមួយនឹង​ទស្សន​វិស័យ​ដល់ឆ្នាំ​២០២៥។ នេះ​បើយោង​តាម​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ព្រលាន​យន្តហោះ​វៀតណាម (ACV)។

គម្រោង​នេះ ធ្វើឡើង​ក្នុង​ខណៈ​ដែល​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​ទាំង​២២ នៅ​ទូទាំង​ប្រទេស​ដែល​គ្រប់គ្រង និង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន ACV ត្រូវបាន​រំពឹង​ថា នឹង​កើនឡើង ១០% ក្នុង១ឆ្នាំៗ​ពីឆ្នាំ​២០១៨-២០២១។ ហើយ​ចំនួន​នេះ នឹងអាច​ឈាន​ដល់​ជាង ១៣៧លាន​នាក់​ត្រឹមឆ្នាំ​២០២១ និង​ជាង ១៨៥លាន​នាក់​នៅឆ្នាំ​២០២៥។

ព្រលានយន្តហោះ Noi Bai (រូបថត៖ វិបសាយ Vietnam Online)
ក្នុង​អំឡុង​ឆ្នាំ២០១៨-២០២១ ព្រលាន​យន្តហោះ​អន្តរជាតិ Noi Bai នៅក្រុង​ហាណូយ នឹងត្រូវ​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ចំនួន​២បន្ថែម​ទៀត ដើម្បី​អាច​ទទួល​​ភ្ញៀវដល់ ២៥លាននាក់​ក្នុង​១ឆ្នាំ និង​ពង្រីក​កន្លែង​ចត​យានយន្ត​ផងដែរ។ ការ​ពង្រីក​នេះ នឹង​ធ្វើឱ្យ​ស្ថានីយ​អ្នកដំណើរ​ទាំងអស់​របស់​ព្រលាន​យន្តហោះ​នេះ អាច​ទទួល​ភ្ញៀវ​ដល់ ៣០លាន​នាក់​នៅឆ្នាំ​២០២០ និង ៦០លាន​នាក់​នៅឆ្នាំ​២០៣០។ ការ​ពង្រីក​ព្រលាន​នេះ គឺត្រូវ​ការ​ថវិកា​ប្រមាណ ៤៨៧លាន​ដុល្លារ។

ចំណែក​ការ​ពង្រីក​ព្រលាន​អន្តរជាតិ​យន្តហោះ Tan Son Nhat នៅក្រុង​ហូជីមិញ គឺ​ត្រូវការ​ថវិកា​ជាង ៥៤៨លាន​ដុល្លារ។ ស្ថានីយ​អ្នក​ដំណើរ​នៃ​ព្រលាន​យន្តហោះ នឹងត្រូវ​សាងសង់​១បន្ថែម​ទៀត ដើម្បី​ទទួល​ភ្ញៀវ ១០លាន​នាក់​ក្នុង១​ឆ្នាំ រួម​ជាមួយ​នឹងការ​ពង្រីក​ទីធ្លា​ចំណត​ ផ្លូវរត់​របស់​យន្តហោះ និង​ឧបករណ៍​ជំនួយ​ផ្សេងៗ​ទៀត។ ព្រលាន​យន្តហោះ​នេះ ត្រូវបាន​រំពឹង​ថា នឹងអាច​ទទួល​ភ្ញៀវ ៤៥លាន​នាក់​ក្នុង១​ឆ្នាំ នៅឆ្នាំ​២០២០។

ព្រលានយន្តហោះ Tan Son Nhat (រូបថត៖ វិបសាយ Journey Vietnam)

រីឯ​ព្រលាន​យន្តហោះ Long Thanh នៅ​ភាគខាងត្បូង​ខេត្ត​ដុងណៃ នឹងត្រូវ​សាងសង់​ក្នុង​ដំណាក់កាល​ទី១ នៅឆ្នាំ​២០២៥ ជាមួយ​ថវិកា​ប្រមាណ ៤ពាន់​លាន​ដុល្លារ។ ព្រលាន​យន្តហោះ​នេះ នឹងអាច​ទទួលភ្ញៀវ​ ២៥លាន​នាក់ និង​ទំនិញ ១,២លាន​តោន ក្នុង១​ឆ្នាំ៕

រូបគំរូព្រលានយន្តហោះ Long Thanh (រូបថត៖ វិបសាយ Vir)

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;