អតីត​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​តំណែង​ធំ​មួយ​ នៅ​កាសែត Khmer Times

  • 2018-05-23 07:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​តំណែង​កាល​ពី​ដើម​ខែ​ឧសភា លោក កៃ គឹមសុង អតីត​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ទទួល​តំណែង​ថ្មី និង​ធំ​មួយ នៅ​កាសែត​ជា​ភាសា​អង់​គ្លេស​ Khmer Times។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក កៃ គឹមសុង នៅ​រសៀល​ថ្ងៃ​ពុធ ទី ​២៣ ឧសភា​នេះ។

លោក កៃ គឹមសុង ដែល​មាន​តួនា​ទី​ជា​ ប្រធាន​ប្រតិបត្តិ​ (COO) ​របស់​កាសែត Khmer Times បាន​ចូល​កាន់​តួនាទី​ហើយ​នៅ​ថ្ងៃ​នេះ ។ អ្នក​សារព័ត៌​មាន​រូប​នេះ​និយាយ​ថា ​កាសែត Khmer Times បាន​ផ្តល់​តួនាទី​មក​ឱ្យ​លោក ដោយ​យល់​ឃើញ​ថា​លោក​ មាន​សមត្ថ​ភាព​អាច​បំពេញ​ការងារ​នេះ​បាន​ជោគ​ជ័យ និង​ចំ​ពេល​ដែល​លោក​ទំនេរ​ពី​ការងារ​។

លោក កៃ គឹមសុង (ពាក់ក្រវាត់ ក) និង សហការី នៅកាសែត Khmer Times (រូបថតៈ ហ្វេសប៊ុក May Kunmakara)

ប៉ុន្តែ​រហូត​មក​ទល់​រសៀល​នេះ លោក កៃ គឹមសុង នៅ​មិន​ទាន់​ចុះ​កុង​ត្រា​ នៅ​លើ​កិច្ច​សន្យា​ការងារ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

អត្ថបទពាក់ព័ន្ធ៖

និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តួ​នាទី បន្ទាប់​ពី​កាសែត​នេះ​ដូរ​ម្ចាស់​ថ្មី

ក្នុង​តំណែង​ជា ប្រធាន​ប្រតិបត្តិ​របស់​កាសែត Khmer Times លោក កៃ គឹមសុង នឹង​មើល​ការ​ខុស​ត្រូវ​ លើ​ការិយា​ល័យ​និពន្ធ (News​ room) និង ការ​រក​ប្រាក់​ចំណូល​ (Sale) សម្រាប់​កាសែត ព្រម​ទាំង​រាយ​ការណ៍​ទៅ​កាន់​ចាង​ហ្វាង​ការ​ផ្សាយ (Publisher) ដែល​ជា​ជន​ជាតិ​ម៉ាឡេស៊ី​។

ទោះ​យ៉ាង​ណា អតីត​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​រូប​នេះ បន្ថែម​ថា កាសែត Khmer Times របស់​លោក នឹង​មិន​ក្លាយ​ជាដៃ​គូ​ប្រកួត​ប្រជែង​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ​ទេ​៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;