នាយករដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី​ ប្រកាស​កាត់​ប្រាក់​ខែ​រដ្ឋមន្ត្រី​គ្រប់​រូប

  • 2018-05-23 09:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី បាន​ប្រកាស​អនុវត្ត​ភ្លាមៗ នូវ​គោលការណ៍​កាត់​ប្រាក់​ខែ​រដ្ឋ​មន្ត្រី​ទាំងឡាយ​ ក្នុង​អត្រា ១០% ។ ការ​ប្រកាស​នេះ ត្រូវ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទីមួយ​របស់​លោក នៅ​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

លោក មហាធៀ បាន​ពន្យល់​ថា វិធាការ​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​បំណុល​រដ្ឋាភិបាល ដែល​មាន​ជាង ២៥០​ពាន់​លាន​ដុល្លារ ឬ​ប្រមាណ ៦៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។

លោក មហាធៀ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទីមួយ​របស់​លោក នៅថ្ងៃនេះ (រូបថត៖ Sumisha Naidu)
យោង​តាម​វេប​សាយ​រដ្ឋ​សភា​ម៉ាឡេស៊ី បាន​ឲ្យដឹង​ថា មុន​ការ​សម្រេច​កាត់​ប្រាក់​ខែ​នេះ ប្រាក់ខែ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មាន​ចំនួន ២២៨២៧ រីងហ្គីត (ជាង ៥៧០០ដុល្លារ​អាមេរិក​) ប្រាក់ខែ​ឧប​នាយករដ្ឋមន្ត្រី​មាន​ចំនួន ១៨១៦៨​រីងហ្គីត (ជាង ៤៥០០​ដុល្លារ) ប្រាក់​ខែ​រដ្ឋមន្ត្រី មានចំនួន ១៤៩០៧ រីង​ហ្គីត (ជាង​ ៣៧០០​ដុល្លារ) និង​ប្រាក់​ខែ​រដ្ឋលេខាធិការ មាន​ចំនួន​ ១០៨៤៨ រីងហ្គីត (ជាង ២៧០០​ដុល្លារ)។

ចំនួន​មន្ត្រី​ស៊ីវិល​ម៉ាឡេស៊ី ក៏​នឹង​ត្រូវ​កាត់​បន្ថយ​ផងដែរ ដោយ​លោក មហាធៀ ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី របស់​សម្ព័ន្ធ​គណបក្ស PH អាច​នឹង​បញ្ឈប់​ការ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ច​សន្យា ហើយ​ងាក​ទៅ​ជួយ​មន្ត្រី​ទាំងឡាយ​ណា​ដែល​មាន​ប្រាក់​ខែ​ទាប​៕

ចុចអាន​បន្ត ម៉ាឡេស៊ី លុបចោល​ការ​យកពន្ធ​លើ​ទំនិញ ​ចាប់ពី​ខែ​ក្រោយ​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;