UN សម្រេច​ដក​ទណ្ឌកម្ម​មួយ ចេញ​ពី​កូរ៉េខាងជើង មុន​ជំនួប គីមជុងអ៊ុន-ដូណាល់ត្រាំ

  • 2018-05-23 23:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី​២៣​ឧសភា បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​លើកលែង​ទណ្ឌកម្ម​ស្ដីពី​ការ​ធ្វើដំណើរ​សម្រាប់​កូរ៉េខាងជើង បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ នៅ​ប្រទេស​សិង្ហបុរី នា​ខែ​ក្រោយ។ នេះ​បើ​តាម​មន្ត្រី​ការ​ទូត​បាន​ឲ្យ​ដឹង​។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ សម្រេចលើកលែងទណ្ឌកម្មលើការធ្វើដំណើររបស់កូរ៉េខាងជើង កាលពីថ្ងៃទី២៣ឧសភា (រូបថត៖ Channel News Asia)
សិង្ហបុរី បាន​ស្នើ​កាលពី​សប្ដាហ៍​មុន ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ អនុញ្ញាត​ឲ្យ​ប្រតិភូ​កូរ៉េខាងជើង​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ ដែល​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៨ និង​ចូលរួម​កិច្ច​ប្រជុំ​ដើម្បី​ត្រៀម។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ AFP ។

យ៉ាងណា​ក៏ដោយ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ចំនួន​ប្រតិភូ​កូរ៉េខាងជើង​នៅ​ឡើយ​ទេ។

លោក គីម ជុងអ៊ុន

គួរ​រំឭក​ថា អង្គការ​សហ​ប្រជាជាតិ បាន​ដាក់​បុគ្គល និង​អង្គភាព​របស់​កូរ៉េខាងជើង​ប្រមាណ​ជាង ៨០ ក្នុង​បញ្ជី​ខ្មៅ ដោយ​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​នានា និង​ផ្អាក​ដំណើរការ​អង្គភាព។

កូរ៉េខាងជើង ក៏ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ទំនិញ និង​ការ​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ក្រោយ​ពី​មាន​ការ​ធ្វើ​តេស្ត​សាកល្បង​គ្រាប់​មីស៊ីល​របស់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នា​ពេល​កន្លង​ទៅ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;