សម​យុទ្ធ​ដែន​អាកាស​អាមេរិក-កូរ៉េខាងត្បូង បិទ​បញ្ចប់​មុន​ពេល​កំណត់

  • 2018-05-24 02:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លំហាត់​សម​យុទ្ធ​ដែន​អាកាស​រួម​គ្នា Max Thunder រវាង​កងទ័ព​អាកាស​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ២០១៨​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​មន្រ្តី​យោធា​កូរ៉េខាងត្បូង។

ការ​បិទ​បញ្ចប់​សម​យុទ្ធ​ដែល​មាន​រយៈពេល ២​សប្ដាហ៍​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ មុន​ពេល​កំណត់ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា ២០១៨ ស្អែក​នេះ។ ការ​បិទ​បញ្ចប់​សម​យុទ្ធ​ដែន​អាកាស​នេះ គឺ​ក្រោយ​កូរ៉េខាងជើង​បាន​លុប​ចោល​ជំនួប​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដោយ​បាន​ចាត់​ទុក​លំហាត់​សម​យុទ្ធ​នេះ​ថា ជា​ការ​ហាត់​សម​ក្នុង​ការ​ឈ្លាន​ពាន។

សូម​បញ្ជាក់​ថា សម​យុទ្ធ​ដែន​អាកាស​រួម​គ្នា Max Thunder បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា ២០១៨ ដោយ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង ១០០​គ្រឿង រួម​មាន យន្តហោះ​ចម្បាំង F-22 ចំនួន ៨​គ្រឿង​របស់​អាមេរិក យន្តហោះ​ចម្បាំង F-15K និង​យន្តហោះ​ចម្បាំង F-16 ជា​ដើម។ ក្រោយ​បិទ​បញ្ចប់​លំហាត់​សម​យុទ្ធ​នេះ យន្តហោះ​ចម្បាំង F-22 របស់​អាមេរិក ត្រូវ​រំពឹង​ថា នឹង​ហោះ​ទៅ​កាន់​មូលដ្ឋាន​កងទ័ព​អាមេរិក នៅ​កោះ​ហាវ៉ៃ វិញ​ភ្លាម​ផង​ដែរ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;