ក្រុង​វៀតណាម​មួយ ផ្ដល់​ថវិកា​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

  • 2018-05-24 03:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន​ ថេគឿង​ អគ្គកុងស៊ុល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​នាំ​យក​ថវិកា​ចំនួន​ ជាង ១៣​ម៉ឺន​ដុល្លារ​អាមេរិក (១៣១២៦៥​ដុល្លារ​អាមេរិក) ​ប្រគល់​ជូន​លោក យន្ត​ មីន​ អភិបាល​​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ​ឆ្នាំ​២០១៨។ នេះ​ជា​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

ជំនួបរវាងលោក យន្ត​ មីន​ អភិបាល​​ខេត្ត​ព្រះសីហនុ និងលោក ង្វៀន​ ថេគឿង​ អគ្គកុងស៊ុល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៣ឧសភា ឆ្នាំ២០១៨ (រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ)
លោក ង្វៀន​ ថេគឿង មានប្រសាសន៍ថា ថវិកា​នេះ​ជា​កាដូ​របស់​ទីក្រុង​ហៃហ្វុង នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែល​ផ្តល់​ជូន​ក្នុង​ឱកាស​ខួប ៥០ឆ្នាំ ថ្វីត្បិត​តែ​ថវិកា​នេះ​ផ្តល់​មាន​ការ​យឺតយ៉ាវ​បន្តិច ដោយសារ​ការ​បំពេញ​បែប​បទ​រដ្ឋបាល ។

លោក​បន្ត​ថា ការ​ផ្តល់​ថវិកា​នេះ​គឺ​ដើម្បី​រួមចំណែក​ជួយ​ដល់​ខេត្ត​ព្រះសីហនុ យក​មក​ធ្វើ​ការ​អភិវឌ្ឍ ជំរុញ​សេដ្ឋកិច្ច ហើយ​សង្ឃឹម​ថា ខេត្ត​ទាំងពីរ​នឹង​បន្ត​កិច្ច​សហការ​ក្នុង​ការ​អភិវឌ្ឍ​កាន់តែ​លឿន ជំរុញ​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​អ្នក​វិនិយោគ​វៀតណាម​មក​ធ្វើ​ការ​វិនិយោគ​កាន់​តែ​ច្រើន ។ លោក​ឲ្យដឹង​ផង​ដែរ​ថា ក្រុមហ៊ុន​វិនិយោគ​ផលិត​ដែក​ថែប និង​ក្រុមហ៊ុន​សាងសង់ នៃ​វៀតណាម មាន​គម្រោង​មក​សិក្សា និង​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។

ចំពោះ​ថវិកា​ជាង ១៣​ម៉ឺន​ដុល្លារ​ខាងលើ នឹង​ត្រូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ផ្លូវ​បេតុង ១​ខ្សែ នៅ​ស្រុក​ស្ទឹងហាវ ដែល​មាន​ប្រវែង​ ១២០០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ឆ្លង​កាត់​ឃុំ​ចំនួន​២ គឺ​ឃុំ​អូរត្រេះ និង​ឃុំ​កំពេញ ក្នុង​ចំណោម​ឃុំ៤​ នៃ​ស្រុក​ស្ទឹងហាវ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;