រូប​ចម្លាក់​ព្រះពុទ្ធ​បដិមា​នៅលើ​ភ្នំសំពៅ ត្រូវផ្អាក​សាងសង់ ក្រោយ​រកឃើញ​បញ្ហា​ធំ២

  • 2018-05-24 04:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបចម្លាក់​ព្រះ​សិរ​នៃ​ព្រះពុទ្ធ​បដិមា​នៅលើ​ជញ្ជាំង​ភ្នំ​សំពៅ ត្រូវបានផ្អាក​ការសាងសង់​ជា​បណ្តោះ​អាសន្ន ក្រោយ​មន្រ្តី​ជំនាញ បាន​ពិនិត្យ​ឃើញ​ថា ថ្មភ្នំ​ផុយស្រួយ និង​​រូបសំណាក​មាន​ស្នាម​ប្រេះ។

​លោក គុណ សម្បត្តិ​មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​បាត់ដំបង បាន​ប្រាប់​ឱ្យដឹង​ថា ក្រុម​ការងារ​ជំនាញ​បាន​ចុះ​ពិនិត្យ​ដល់​ទី​តាំង​ដែល​សមាគម​ស្នើសុំ​សាងសង់​រូបចម្លាក់​ព្រះ​សិរ​របស់​ព្រះ​ពុទ្ធរូប​ឡើងវិញ បន្ទាប់ពី​មជ្ឍមណ្ឌល បណ្តុះបណ្តាល​វិជ្ជាជីវ​:​សិល្បៈ​សូន្យ​រូប មរតក​អង្គរ ផុត​កិច្ចសន្យា និង​បោះបង់​គម្រោង​ស្ថាបនា សំណាក​ព្រះ​ពុទ្ធរូប​នេះ​យូរ​ឆ្នាំ។

ជញ្ជាំងភ្នំសំពៅ ត្រង់ទីតាំងសាងសង់រូបចម្លាក់ព្រះពុទ្ធ (រូបថត៖ រស្មីកម្ពុជា)
លោក​បន្ត​ថា ឆ្លង​តាម​ការចុះ​ត្រួតពិនិត្យ​ ក្រុម​ជំនាញ​បាន​​ឃើញ​ថា ទីតាំង​ចម្លាក់​ព្រះពុទ្ធ​រូបនេះ មិនអាច​បន្ត​ការ​សាងសង់​ទៀត​បានឡើយ ដោយសារ​ថ្មភ្នំ​ត្រង់​កន្លែង​ឆ្លាក់ ជា​ប្រភេទ​ថ្មកំបោរ ហើយ​ជាក់ស្តែង រូបសំណាក​ដែល​សាងសង់​បាន​ត្រឹម​កំណាត់​ព្រះ​សិរ​នៃ​ព្រះពុទ្ធ​បដិមា​នេះ មាន​ស្នាម​ប្រេះ មិនអាច​ទ្រទ្រង់​ទម្ងន់​តួ​ព្រះពុទ្ធ​បដិមា​ទាំងមូល​បានទេ។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែមថា គម្រោង​សាងសង់​ព្រះពុទ្ធ​រូបនេះ មាន ៣​ប្លង់ រួមមាន​ប្លង់ ព្រះពុទ្ធ​ប្រសូត្រ ត្រាស់ដឹង និង​ប្លង់​ព្រះពុទ្ធ​ចូល​បរិនិព្វាន ដែលមាន​កម្ពស់​ពី​ដី​ប្រមាណ​ជាង ៣០​ម៉ែត្រ។ គម្រោង​​នេះ បានចាប់ផ្តើម នៅ​ឆ្នាំ​២០០៦ ប៉ុន្តែ​ដំណើរការ​សាងសង់ បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៍៏ត្រូវផុត​កិច្ចសន្យា​និង​បាន​បោះបង់​គម្រោង​ចោល​ឱ្យនៅ​ទ្រឹង​តែម្តង។ ទើបតែ​បច្ចុប្បន្ននេះ សមាគម​បាន​ចាប់​ដៃគូ រៀបចំ​សំណើ​សាងសង់​ឡើងវិញ។ ការធ្វើ​សំណើ​ជាថ្មី​នេះ គណៈកម្មការ​វាយតម្លៃ​ថ្នាក់​ខេត្ត មិនទាន់​កំណត់​ថា​យ៉ាងណា​នោះទេ ហើយនឹង​ត្រូវ​សម្រេច​នា​ពេល​ក្រោយ​។

ការ​សាងសង់​ព្រះពុទ្ធ​បដិមា​ដ៏ធំ​នៅលើ​ជញ្ជាំង​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​សំពៅ​នេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ពង្រីក​វិស័យ​ព្រះពុទ្ធសាសនា​ផង និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ឱ្យ​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​បាត់ដំបង​ ​កាន់​ច្រើន​ថែមទៀត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;