ក្រោយ​៥២ឆ្នាំ​ រឿង​រ៉ាវ​ពាន​ World Cup មួយ​ដែល​ត្រូវ​គេ​លួច ត្រូវ​បាន​លាត​ត្រដាង

  • 2018-05-24 06:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាថ៌​កំបាំង​ពានរង្វាន់ World Cup មួយ​ ដែល​ពេលនោះ​ត្រូវ​គេ​ស្គាល់​ថា ពានរង្វាន់ Jules Rimet World Cup ត្រូវ​បាន​បង្ហាញ បន្ទាប់ពី​ត្រូវ​ចោរ​លួច​ជាង ៥ទសវត្សរ៍​កន្លង​ទៅ​។ តាម​ការ​ពិត ករណី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​បងប្អូន​ជនជាតិ​អង់គ្លេស​ចំនួន ២​នាក់។

ពានរង្វាន់ World Cup មុនឆ្នាំ១៩៦៦ (រូបថត៖ PA Images)
បើ​តាម​លោក Gary ​កូនប្រុស​របស់​ជនសង្ស័យ​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន Mirror កាលពី​ពេល​ថ្មីៗ​នេះ​ថា ជន​សង្ស័យ​មាន​គ្នា​ពីរ​នាក់ ក្នុង​ម្នាក់​ឈ្មោះ Sidney Cugullere បាន​លួច​ពានរង្វាន់ World Cup ខាងលើ​កាលពី​៥២ឆ្នាំ​មុន។ គ្រា​នោះ ជនសង្ស័យ​មាន​វ័យ៤០​ឆ្នាំ បាន​ផ្សំ​គំនិត​ជាមួយ​ឪពុក​របស់​គេ​ឈ្មោះ​ Reg។
ជនសង្ស័យ Sidney Cugullere និង Reg (ស្ដាំ) (រូបថត៖ Phil Harris)

កូនប្រុស​របស់​ជនសង្ស័យ​ដដែល​បន្ត​ថា ឪពុក​របស់​គាត់​ធ្វើដូច្នេះ​ដោយ​គ្រាន់តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ។ យ៉ាងណា​ក៏ដោយ ឪពុក​របស់​គាត់ ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ​​ដោយ​ករណី​ផ្សេងៗ​ទៀត​​ បាន​ស្លាប់​កាលពី​ឆ្នាំ​២០០៥ ក្នុង​វ័យ​៧៩ឆ្នាំ ដោយសារ​ជំងឺ​មហារីក។

លោក Gary (រូបថត៖ Phil Harris)

ក្រុម​ជនសង្ស័យ​ដែល​បាន​ស្លាប់​ មិន​ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​មក​ទទួល​ទោស​ចំពោះ​ទង្វើ​របស់​ពួកគេ​ឡើយ។

សូម​ជម្រាប​ថា ការ​លួច​ពានរង្វាន់ World Cup នេះ​បាន​កើតឡើង​ក្នុង​ពិធី​តាំង​បង្ហាញ​មួយ នៅ​សាល​មហោស្រព Methodist Central នៅ​ក្រុង Westminster ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​អាទិត្យ ទី២០ ខែ​មីនា ឆ្នាំ១៩៦៦។ ពេល​នោះ សហព័ន្ធ​បាល់ទាត់​អង់គ្លេស បាន​យក​ពាន​រង្វាន់​ខាងលើ​ មក​តាំង​បង្ហាញ​ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ​។

ដោយសារ​តែ​ពិបាក​ក្នុង​ការ​លក់​ ជនសង្ស័យ​បាន​សុខ​ចិត្ត​បោះបង់​ចោល​ពាន​រង្វាន់​ដែល​ពួក​ខ្លួន​លួច នៅ​ទីតាំង​មួយ ហើយ​១សប្ដាហ៍​ក្រោយ​មក​ត្រូវ​បាន​សុនខ​មួយ​ក្បាល​រក​ឃើញ ​ក្នុង​ខែ​មីនា ឆ្នាំ​១៩៦៦​។ សុនខ​នោះ​ឈ្មោះ Pickles ដែល​ត្រូវ​បាន​គេ​កត់ត្រា​ឈ្មោះ​របស់​វា​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​។

សុនខដែលមានឈ្មោះថា Pickles (រូបថត៖ Wikipedia)

គួរ​ដឹង​ផង​ដែរ​ថា ជន​សង្ស័យ Sidney គឺ​ជា​ជនជាតិ​អង់គ្លេស​ទី​មួយ​ដែល​បាន​កាន់​ពាន​រង្វាន់ World Cup មុន​គេ​បង្អស់។ ក្រោយមក ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដែល​ជា​ម្ចាស់ផ្ទះ​ ក៏​បាន​ឈ្នះ​ពានរង្វាន់ World Cup ក្នុង​ឆ្នាំ​១៩៦៦ ដោយ​បំបាក់​ក្រុម​អាល្លឺម៉ង់​ខាងលិច ដោយ​លទ្ធផល ៤-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ គ្រា​នោះ លោក Bobby Moore គឺ​ជា​កីឡាករ​អង់គ្លេស​ដំបូង​គេ ដែល​បាន​លើក​ពានរង្វាន់​នេះ។

ពានរង្វាន់ Jules Rimet World Cup ត្រូវបាន​ប្រើប្រាស់​ពី​ឆ្នាំ១៩៣០ ដល់ ១៩៧០។ ហើយ​ពានរង្វាន់​ World Cup ត្រូវបាន​រចនារូប​រាង​ថ្មី​ សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup កាលពី​ឆ្នាំ១៩៧៤៕​

អត្ថបទទាក់ទង ធ្លាប់ដឹងឬអត់ ប្រទេស​មួយ​នៅ​អាស៊ាន ធ្លាប់​ឡើង​ទៅ​លេង World Cup?

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;