តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ តែ​ប្រឈម​នឹង​ភាពមិន​ប្រាកដ​ប្រជា​មួយ​ចំនួន

  • 2018-05-24 07:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រក្សា​បានកំណើន​សេដ្ឋកិច្ច ៥,៦% នៅឆ្នាំ​២០១៨-២០១៩ ដែល​ជាកម្រិត​ខ្ពស់ធៀប​នឹង​តំបន់​ដទៃ និង​បាន​រួម​ចំណែក​ប្រមាណ​ ២ភាគ៣ នៃកំណើន​សេដ្ឋកិច្ច​ពិភពលោក ស្រប​ពេល​ដែល​អតិផរណា បន្តមាន​កម្រិត​ទាប។ ទិន្នន័យ​នេះ​ ត្រូវបាន​បង្ហាញ​ក្នុង​សិក្ខាសាលា​ស្តីពី “ទស្សន​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក - វេលាល្អ, វេលា​មិន​ច្បាស់លាស់៖ ពេលដែល​ត្រូវត្រៀម​លក្ខណៈ” នៅ​ធនាគារជាតិ​នៃកម្ពុជា កាលពីថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង​ធនាគារ​ជាតិ និង​វត្តមាន​របស់​លោកស្រី Yong Sarah Zhou តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​កម្ពុជា។

ធនាគារជាតិនៃកម្ពុជា
ទោះជា​យ៉ាង​ណា តំបន់នេះ​ក៏​កំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​មួយ​ចំនួន រួមមាន៖

១. ប្រក្រតីកម្ម​គោល​នយោបាយ​រូបិយវត្ថុ

២. ទស្សន​វិស័យ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ

៣. ឥទ្ធិពល​នៃ​កំណែ​ទម្រង់​សារពើពន្ធ​របស់​សហរដ្ឋ​អាមេរិក

និង ៤. ហានិភ័យ​ផ្សេងៗ​ទៀត​ដូចជា បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​គ្រោះ​ធម្មជាតិ​ជាដើម។

បើតាម​ធនាគារជាតិ​បាន​បញ្ជាក់​ថា សិក្ខាសាលា​នេះ​បាន​ផ្តល់​ជា​វេទិកា​ពិភាក្សា​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ឥទ្ធិពល​មកលើ​កម្ពុជា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងក្នុង​វិស័យ​ឯកជន និង​វិស័យ​សារធារណៈ ដើម្បី​បង្កើន​ការ​យល់ដឹង​ឱ្យកាន់​តែ​ទូលំទូលាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និងផ្តល់​ជា​ធាតុចូល​ទៅក្នុង​ការ​រៀបចំ​គោល​នយោបាយ​នានា សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព។

សូម​ជម្រាប​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺរាប់​បញ្ចូល​ប្រទេស​ក្នុងទ្វីប​អាស៊ី (អាស៊ីបូព៌ា អាស៊ីទក្សិណ អាស៊ីអាគ្នេយ៍ និងផ្នែក​ខាងកើត​រុស្ស៊ី) និង​ទ្វីប​អូសេអានី៕

សំណង់អគារខ្ពស់ៗ នៅរាជធានីភ្នំពេញ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;