អង្គរវត្ត ជាប់​លេខ​១​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​លោក ​២​ឆ្នាំ​ជាប់ៗ​គ្នា

  • 2018-05-24 08:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​ចូលរួម​បោះឆ្នោត​ពី​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ដល់​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ដែល​ជា​សំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​និង​ចំណាត់​ថ្នាក់​លេខ​១៣​ជា​គោលដៅ​ទេសចរណ៍​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ។ កាលពី​​ឆ្នាំ២០១៧ អង្គរវត្ត​ ក៏​ទទួលបាន​ចំណាត់ថ្នាក់លេខ១​នេះ​ពី​ TripAdvisor ផងដែរ។

​TripAdvisor បាន​ចុះផ្សាយ​​កាលពី​ថ្ងៃ​ទី​២៣​ឧសភា ឆ្នាំ​២០១៨​ថា ចំណាត់ថ្នាក់​លេខ​២ សំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​តំបន់​អាស៊ី​ បាន​ទៅ​លើ​ព្រះវិហារ​ Taj Mahal របស់​ឥណ្ឌា និង​លេខ​៣ បាន​ទៅ​លើ​ប្រាសាទ​វត្ត​ភូ​ (Wat Pho) របស់​ថៃ។

ភ្ញៀវទេសចរ​កំពុង​ផ្តិតយក​ទិដ្ឋភាព​ថ្ងៃរះ​ ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ កាលពីខែមីនា ឆ្នាំ​២០១៨
នេះ​គឺ​ជា​ឆ្នាំ​ទី​៥ហើយ ដែល​អង្គរ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​ទទួល​បាន​ចំណាត់​លេខ​១ជាប់​ៗគ្នា​តាម​រយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា។

កាលពី​ឆ្នាំ​២០១៤ អង្គរ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្រ្ត​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness។

បន្ទាប់​មក​ទៀត នៅ​ដើម​ឆ្នាំ​២០១៥ អង្គរ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ម្តង​ទៀត នៅ​លើ​គេហទំព័រ​អន្តរជាតិ​មួយ ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​លើ​ពិភពលោក នោះ​គឺ​គេហទំព័រ TripAdvisor។

នៅឆ្នាំ២០១៦ អង្គរ​បាន​បន្ត​ជាប់​លេខ​១​ទៀត នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាម​រយៈ​វេបសាយ ទស្សនាវដ្ដី និង​សៀវភៅ ជា​ដើម។

ទេសចរ កំពុង​ដើរ​នៅ​ជ្រុងម្ខាងនៃប្រាសាទអង្គរវត្ត

សូមបញ្ជាក់ថា ​ក្នុងរយៈ​ពេល​ ៤ខែ​ដើម​ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មានជាង ១លាន​នាក់ និង​រកចំណូល​បាន​ជាង​ ៤៨លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ ដែល​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​ឧសភា​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;