ព្រឹត្តិការណ៍​នយោបាយ​ជាតិ-អន្តរជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍​​

  • 2018-05-27 10:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្លីៗ សូម​លើក​យកនូវ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ដែលបាន​កើតឡើង​ក្នុង​១សប្តាហ៍​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម៖

ព្រឹត្តិការណ៍​នយោបាយ​ជាតិ

១. គ.ជ.ប ទទួល​ស្គាល់​ចុះ​បញ្ជី​គណបក្ស​ទាំង​២០ ជា​ផ្លូវការ

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ទទួលស្គាល់​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ទាំង២០ ជា​ផ្លូវការ។ ក្នុងនោះ​ គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ ត្រូវ​បាន គ.ជ.ប ទទួល​ស្គាល់​ចុងក្រោយគេ​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​គណបក្ស​ទាំង២ បាន​បំពេញ​ឯកសារ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ។

គ.ជ.ប ក៏បាន​ប្រកាស​ថា នឹង​រៀបចំ​ពិធី​ចាប់​ឆ្នោត​កំណត់​លេខរៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត ​ដោយ​សម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ នៅ​សាល​ប្រជុំ​អគារ S នៃ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ខាងមុខ​នេះ។

ចុចអាន​លម្អិត

២. សម្តេច ហ៊ុន សែន ព្រមាន​ដក​រដ្ឋមន្រ្តី ក្នុង​រឿង​ពុលនៅ​ខេត្ត​ក្រចេះ

ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្រ្តី កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​ព្រមាន​ដក​រដ្ឋមន្ត្រី​ណា​ដែល​រំលោភ​បំពាន​អំណាច និង​មិន​គោរព​ឋានា​នុក្រម និង​កុំ​ឲ្យ​មាន​ការ​សាច​ទឹក​ដាក់​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹងករណី​ពុល​ស្លាប់​ នៅខេត្ត​ក្រចេះ កាលពី​ដើម​ខែ​ឧសភា។

ទាក់ទង​ករណី​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​យក​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ចេញ​កន្លង​មក​នេះ គឺ​ជា​របាយការណ៍​ផ្លូវការ គ្មាន​អ្នក​ណា​មួយ​ដែល​អាច​បដិសេធ​នោះ​ទេ។

ចុចអាន​លម្អិត

ព្រឹត្តិការណ៍​នយោបាយ​អន្តរជាតិ

១. អ៊ីស្រាអែល​ក្លាយ​ជា​ប្រទេស​ដំបូង​គេ ដែល​វាយ​ប្រហារ​ពី​ដែន​អាកាស​ដោយ​ប្រើ​យន្តហោះ​ចម្បាំង F-35

អ៊ីស្រាអែល​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ ក្នុង​ពិភពលោក ដែល​បាន​បើក​ការ​វាយ​ពី​ដែន​អាកាស​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ចុងក្រោយ​របស់​អាមេរិក F-35។ នេះបើតាមការបញ្ជាក់របស់មេបញ្ជាការកងទ័ពអ៊ីស្រាអ៊ែល ក្នុងសន្និសីទមួយ​នៅក្រុង Herzilya កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

យន្តហោះ​ចម្បាំង F-35 ត្រូវបាន​ប្រើប្រាស់​នៅ​តំបន់​មជ្ឈិមបូព៌ា និង​បាន​វាយ​ប្រហារ ២​លើក​មក​ហើយ លើ​ទីតាំង ២​ផ្សេង​គ្នា។  លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ការ​វាយប្រហារ​ពី​យន្តហោះ​ចម្បាំង F-35 មាន​មីស៊ីល​ជាង ១០០​គ្រាប់ ត្រូវ​បាន​បាញ់​សំដៅ​មក​យន្តហោះ​ចម្បាំង F-35 ប៉ុន្ដែ​ពុំ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​នោះ​ទេ។

ចុចអាន​លម្អិត

២. UN សម្រេច​ដក​ទណ្ឌកម្ម​ការ​ធ្វើ​ដំណើរ​សម្រាប់​កូរ៉េ​ខាងជើង មុន​ជំនួប គីម ជុងអ៊ុន-ដូណាល់ ត្រាំ

កាលពី​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​លើកលែង​ទណ្ឌកម្ម​ស្ដីពី​ការ​ធ្វើដំណើរ​សម្រាប់​កូរ៉េខាងជើង បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ នៅ​ប្រទេស​សិង្ហបុរី នា​ខែ​ក្រោយ។

គួរ​រំឭក​ថា អង្គការ​សហ​ប្រជាជាតិ បាន​ដាក់​បុគ្គល និង​អង្គភាព​របស់​កូរ៉េខាងជើង​ប្រមាណ​ជាង ៨០ ក្នុង​បញ្ជី​ខ្មៅ ដោយ​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​នានា និង​ផ្អាក​ដំណើរការ​អង្គភាព។

ចុចអាន​លម្អិត

៣. លោក ដូណាល់ ត្រាំ នឹងជួបលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​នៅ​សេត​វិមាន​នាថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា លោក​នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន នា​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហបុរី  តាមការកំណត់ដូចលើកមុន។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​កូរ៉េខាងជើង នៅតែ​បង្ហាញ​ឆន្ទៈ​ក្នុងការ​ចរចា​ជាមួយ​អាមេរិក បើទោះបី​ជាលោក ដូណាល់ ត្រាំ បាន​ប្រកាស​លុបចោល​ជំនួប​កំពូល​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ក៏ដោយ។

ចុចអានលម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;