អរិភាព​ពាណិជ្ជកម្ម អាមេរិក-ចិន ឡើង​កម្ដៅ​ជាថ្មី

  • 2018-05-30 03:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ២០១៨ ម្សិលមិញ បាន​ប្រកាស​បន្ត​គំរាម​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​របស់​ចិន ដែល​មាន​ទំហំ​ទឹកប្រាក់ ៥០​ពាន់​លាន​ដុល្លារ ហើយ​អាមេរិក​នឹង​បន្ដ​អនុវត្ត​វិធានការ​នេះ​រហូត​ដល់​ក្រុង​ប៉េកាំង ដោះស្រាយ​បញ្ហា​ការ​លួច​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​អាមេរិក។

ជាង​នេះ​ទៅ​ទៀត ក្រុង​វ៉ាស៊ីនតោន​ក៏​នឹង​ចាត់​វិធានការ​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ទឹកដី​អាមេរិក រួម​ជាមួយ​ការ​គ្រប់គ្រង​ទំនិញ​សម្រាប់​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ។ សេតវិមាន​បញ្ជាក់​ថា ព័ត៌មាន​លម្អិត​នៃ​ការ​គ្រប់គ្រង​ការ​វិនិយោគ និង​ការ​នាំចេញ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ហើយ​បញ្ជី​ដំឡើង​ពន្ធ​ចុងក្រោយ នឹង​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ២០១៨​ខាង​មុខ។

ចំណែក​នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ២០១៨​នេះ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​មក​ឆ្លើយ​តប​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន គឺ​មិន​ត្រូវ​បាន​រំពឹង​ទុក និង​មិន​នៅ​ក្នុង​ការ​រំពឹង​ទុក​ទាល់​តែ​សោះ។ ក្រសួង​ពាណិជ្ជកម្ម​ចិន​បញ្ជាក់​ថា សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​អាមេរិក គឺ​ផ្ទុយ​នឹង​កុងសង់ស៊ីស ដែល​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​គ្នា ក្នុងជំនួប​ចរចា​នៅ​ក្រុង​វ៉ាស៊ីនតោន កាលពី​ពាក់​កណ្ដាល​ខែ​ឧសភា ២០១៨​នេះ។

ជាមួយ​គ្នា​នេះ ក្រសួង​ពាណិជ្ជកម្ម​ចិន​បញ្ជាក់​ថា ទោះ​បី​ជា​អាមេរិក​ចាត់​វិធានការ​អ្វី​ក៏​ដោយ ក៏​ចិន​នៅ​តែ​មាន​ទំនុក​ចិត្ត សមត្ថភាព និង​បទ​ពិសោធន៍​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាជន​ចិន និង​ផល​ប្រយោជន៍​ស្នូល​នៃ​ប្រទេស​ចិន៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;