ជន​បរទេស​ដែល​កាន់កាប់​អត្តសញ្ញាណបណ្ណ​-លិខិត​ឆ្លងដែន​កម្ពុជា ត្រូវ​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ?

  • 2018-06-03 07:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជន​បរទេស​ណា​ដែល​កាន់កាប់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ១០​ឆ្នាំ។ មន្ត្រី​ភ្នាក់ងារ​រាជការ ឬ​ជន​ណា​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​កម្ពុជា ឱ្យ​ជន​ណាម្នាក់ ដែល​មិនមាន​សញ្ជាតិ​ខ្មែរ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ឆ្នាំ ទៅ១០​ឆ្នាំ​ផងដែរ។ នេះ​បើយោង​តាម​មាត្រា​៣០ នៃ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សញ្ជាតិ។

ចំណែក​មាត្រា​៣១ បាន​ចែង​ថា ជនណា​ដែល​ក្លែង​បន្លំ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ១០​ឆ្នាំ។ ត្រូវ​ចាត់ទុក​ជា​ការ​ក្លែង​បន្លំ​ផងដែរ​នូវ​អំពើ​ធ្វើការ​កោស លុប សរសេរ​បន្ថែម ឬ​ធ្វើឱ្យ​ខូចខាត​ការពិត​នូវ​ព័ត៌មាន​នៅក្នុង​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​កម្ពុជា។

រីឯ​មាត្រា​៣២ នៃ​សេចក្តី​ព្រាងច្បាប់​នេះ បាន​ចែង​ថា ជន​បរទេស​ណា​ដែល​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​កម្ពុជា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ៥​ឆ្នាំ និង​ពិន័យ​ជាប្រាក់​៤លាន​រៀន ទៅ១០​លាន​រៀល។ មាត្រា​៣៣ បាន​ចែង​ថា អ្នក​ផ្តើម​គំនិត អ្នក​សម​គំនិត​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​ដែលមាន​ចែង​ក្នុង​មាត្រា​៣០ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​នេះ ស្របតាម​លក្ខខណ្ឌ​ដូចមាន​ចែងក្នុង​ក្រម​ព្រហ្មទណ្ឌ។

សូម​ជម្រាប​ថា រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​សញ្ជាតិ ដោយ​សំឡេង​អនុម័ត១១២ លើ​១១២​សំឡេង​នៅក្នុង​អង្គប្រជុំ​១​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨។ សេចក្តី​ព្រាងច្បាប់​នេះ មាន​ ១០​ជំពូក និង​ចែកចេញ​ជា​៣៨​មាត្រា។ សេចក្តី​ព្រាងច្បាប់​ស្តីពី​សញ្ជាតិ​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;