ម៉ាក្រុង៖ គ្មានមេដឹកនាំណា កាន់តំណែងអស់មួយជីវិតទេ

  • 2018-06-08 06:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​បារាំង លោក ​អេម៉ានុយអែល ម៉ាក្រុង បាន​និយាយ​កាលពី​ថ្ងៃ​ម្សិល​មិញ​​ថា ​"គ្មានប្រធានាធិបតី​ណា កាន់​តំណែង​ជា​រៀង​រហូត​នោះ​ទេ"។ ការ​លើក​ឡើង​របស់​លោក គឺ​ឆ្លើយតប​ទៅ​នឹង​សំនួរ​មួយ ទាក់​ទង​ពី​គោលនយោបាយ​ការពារ​និយម និង​ឯកានិយម​របស់​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ។ ហើយ​ក៏ស្រប​ពេល​ដែល​ មេ​ដឹក​នាំ​នៃ​ក្រុម​ប្រទេស​ G-7 កំពុង​រៀប​ចំ​ជួប​ប្រជុំ​គ្នា​ នៅ​ឯ​កិច្ចប្រជុំកំពូល​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស​កាណាដាផងដែរ។

លោក ម៉ាក្រុង ថ្លែង​នា​ពេល​កន្លងមក។ រូបភាព៖ Reuters
លោក​ បាន​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​លោក​ដូណាល់​ ត្រាំ នៅ​តែ​បន្ត​គោលនយោបាយ​ឯកានិយម​នេះ​បន្ត​ទៀត ដូច្នេះ​សហរដ្ឋអាមេរិក អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ប្រទេស​ G-7។

"ប្រទេស​ទាំង ៦ នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច G-7 បើ​ទោះបីជា​គ្មាន​សហរដ្ឋអាមេរិក​ក្តី នៅ​តែ​មាន​ទីផ្សារ​រួម​បញ្ចូល​គ្នា​ធំ ជាង​ទីផ្សារ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​ផងដែរ"។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ម៉ាក្រុង។

ម្យ៉ាង​វិញ​ទៀត​ ប្រធានាធិបតី​វ័យ ៤០ ឆ្នាំ​រូប​នេះ ក៏​បាន​រិះគន់​ប្រឆាំង​ទៅ​នឹង​ ការ​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដែក​ថែប និង​អាលុយមីញ៉ូម ពី​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិកស៊ីកូ​ កាល​ពី​ចុង​ខែ​ឧសភា​កន្លងទៅ​។

លោក ត្រាំ ជួបពិភាក្សា​ជាមួយ លោក ម៉ាក្រុង កាលពីពេល​កន្លងមក

គួរ​បញ្ជាក់​ថា ក្រុម​ប្រទេស G-7 គឺ​មាន​ប្រទេស​ចំនួន ៧​ រួម​មាន​ដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង​ចុងក្រោយ​សហរដ្ឋអាមេរិក៕

ប្រភព៖ RT ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;