"បង​មាន​ថ្មី​ទៀត​" បទ​ចម្រៀង​យុវ​វ័យ សម័យ​សាធារ​ណ​រដ្ឋ​ខ្មែរ

  • 2018-06-08 07:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“បង​មាន​ថ្មី​ទៀត​" របស់​អ្នកស្រី ពៅ វណ្ណារី​ ដែល​ផលិត​ឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ជា​បទ​ចម្រៀង​ដែល​ទទួល​ឥទ្ធិ​ពល​ពីបទ​ចម្រៀង​របស់​អាម៉េ​រិក័ង "You've got a friend”។

"You've got a friend” ជា​បទ​ចម្រៀង​ដ៏​ល្បី​របស់​អ្នក​ចម្រៀង​អាម៉េរិក័ង​២រូប​គឺ អ្នកស្រី Carole King និង លោក James Taylor។

បទ​នេះ និពន្ធ​ទំនុក​ច្រៀង និង បទ​ភ្លេង​ដោយ អ្នក​ចម្រៀង​ Carole King និង ចេញ​លក់​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ​ ១៩៧១ នៅ​សហ​រដ្ឋ​អាម៉េរិក​។ ហើយ​សិល្បករ​តំបូង​ដែល​ច្រៀង​បទ​នេះ​ឡើង​វិញ (cover) គឺលោក James Taylor ដែល​បទចម្រៀង​របស់​លោក ចេញ​លក់​នៅ​ខែ​ឧសភា​ឆ្នាំ​ដដែល​។

តាម​រយៈ​បទ "You've got a friend” លោក James Taylo បាន​ឈ្នះ​ពាន​រង្វាន់ Grammy Awards សម្រាប់ Best Pop Vocal Performance ឆ្នាំ ១៩៧១ ។ ឯ អ្នកស្រី Carole King ឈ្នះ​ពាន​រង្វាន់ Grammy Awards សម្រាប់ Song of the year ឆ្នាំ ១៩៧២។

សូម​អញ្ជើញ​ទស្សនា​ការ​សម្តែង​រួមគ្នារ​វាង​អ្នក​ស្រី Carole King និង លោក James Taylor នៅ​ឆ្នាំ ២០១០ ក្នុងឱកាសខួបទី៤០ នៃការសម្តែងរួមគ្នារបស់អ្នកទាំង២

"You've got a friend” ជា​បទ​ចម្រៀង​ដែល​ល្បី​ទូទាំង​ពិភព​លោក។ ចាប់​តាំង​ពីឆ្នាំ ១៩៧១ រហូត​ដល់​ចុង​ឆ្នាំ ២០១៧ មាន​សិល្បករប្រមាណ​ជាង ២៥០នាក់ បាន​​ច្រៀង​បទ​ចម្រៀង​នេះ​ឡើង​វិញ (Cover)​។ ហើយ​មាន​សិល្បករ​ជិត​២០​ប្រទេស បាន​យកច​ម្រៀង​នេះ​ ទៅ​ច្រៀង​ជាភាសា​ជាតិ​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​ដូច​ជា៖ ភាសា​ខ្មែរ ភាសា​ម៉ាឡេស៊ី ភាសា​បារាំង ភាសា​អង់គ្លេស ភាសា​ឆែក ភាសា​កាត់តា​ឡាន់ ភាសា​ដាណឺ​ម៉ាក ភាសា​ហូឡង់ ភាសា​អេស្ប៉ាញ ភាសា​អាល្លឺម៉ង់​ ភាសា​អ៊ីតាលី ភាសា​រ៉ូម៉ានី ភាសា​ព័រទុយ​ហ្កាល់... ជាដើម។

ទន្ទឹម​នឹង​ការ​លេច​ត្រដែត​ឡើង​ នៃ​បទ​ចម្រៀង​ប្រភេទ Pop Music និង Rock Music នៅ​លើ​ពិភព​លោក រំហូ​របទ​ចម្រៀង​ភាសា​បរទេស​ប្រភេទ​នេះ បាន​ហូរ​ចូល​កម្ពុជា​គួរឱ្យ​កត់​សម្ពាល់ នៅ​ក្រោយ​រដ្ឋ​ប្រហារឆ្នាំ ១៩៧០​។ "You've got a friend” ដែល​ជា​បទ​ចម្រៀង​ប្រភេទ Soft Rock បាន​ទាក់​ទាញ​ទឹក​ចិត្ត​យុវជន​ខ្មែរ​សម័យ​នោះ ពិសេស​អ្នក​ដែល​ចេះ​ភាសា​អង់​គ្លេស​។

ផលិត​កម្ម​ថាស​ចម្រៀង​ក្នុងស្រុក បាន​ផលិត​បទ​ចម្រៀង​នេះ ទៅ​ជា​ភាសា​ជាតិ ដោយ​មាន​លោក ម៉ក់ ស៊ីវុត្ថា ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង អ្នកស្រី ពៅ វណ្ណារី ជា​អ្នក​ចម្រៀង​ និង​ប្រគុំ​បទ​ភ្លេង​ដោយ ក្រុម​តន្ត្រី​ស៊ីវុត្ថា​និង​មិត្ត៕

សូម​អញ្ជើញ​ទស្សនា​ចម្រៀង​កាយ​វិការ​បទ "បង​មាន​ថ្មី​ទៀត" ដែល​ផលិត​ថ្មី​ដោយ​ផលិត​កម្ម SR

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;