រាជ​រដ្ឋាភិបាល​​កម្ពុជា ចាប់​ផ្តើម​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ការ​អភិវឌ្ឍ​ "ទីក្រុង​ឆ្លាតវៃ"

  • 2018-06-13 06:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាននឹង​កំពុង​ចាប់ផ្តើម​បញ្ជ្រាប​ការ​យល់ដឹង​ពី​ទស្សទាន​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ (Smart City) ដល់​និស្សិត ដែល​កំពុង​សិក្សា​ស្ថាបត្យកម្ម និង​សំណង់ មកពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា តាមរយៈ​សិក្ខា​សាលា​មួយ​ស្តី​ពី «យុទ្ធសាស្រ្ត​នៃការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​សំណង់»។ សិក្ខាសាលា​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ ដោយមាន​ការ​ចូលរួម​ធ្វើបទ​បង្ហាញពី​លោក Hirotaka Sekido អគ្គនាយករង​ក្រុមហ៊ុន​ស្តាតគ្រុប នៃ​ប្រទេស​ជប៉ុន។

យោងតាម​ការ​ចុះផ្សាយ​របស់​កាសែត​រស្មីកម្ពុជា នៅថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ២០១៨​នេះ ដោយដក​ស្រង់​សម្តី រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ភឿង សុភ័ណ្ឌ ឱ្យដឹង​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង គឺ​ពិតជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​ផ្តល់​ចំណេះដឹង​បន្ថែម​ឱ្យ​និស្សិត​ស្វែងយល់​បាន​កាន់តែ​ច្រើន ពីការ​រីក​ចម្រើន​នៃ​ក្រុង​ឆ្លាតវៃ ក្នុង​ប្រទេស​ជប៉ុន និង​យក​ចំណេះដឹង​នេះ ដើម្បី​អភិវឌ្ឍ​ទីក្រុង​កម្ពុជា។

រាជធានីភ្នំពេញ ស្ថិតក្នុងចំណោមក្រុង៣របស់កម្ពុជា ដែលត្រូវបានជ្រើសរើស ធ្វើជា​ទីក្រុង​សាកល្បង​នៃ​គម្រោង​បណ្តាញ​ក្រុង​ឆ្លាតវៃ​អាស៊ាន
លោក​បន្ត​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​អគារ​កម្ពស់​ចាប់ពី ៥ជាន់​ឡើង​ទៅ ចំនួន ៧៩១​អគារ ហើយ​ក៏​មាន​បុរីលំនៅឋាន ចំនួន ១៣៤​ទីតាំង និង​មាន​ការ​ជំរុញ​ក្នុងការ​បង្កើត​ទីក្រុង​រណប​ថ្មីៗ លំនៅឋាន​តំបន់​សេដ្ឋកិច្ច​ពិសេស និង​អគារ​ឧស្សាហកម្ម​ជាដើម។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ​២០១៨ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជប៉ុន Minebea (Cambodia) លោក Yoshihisa Kainuma បាន​បញ្ជាក់​ពីបំណង​ក្នុងការ​រួមចំណែក​ធ្វើឱ្យ​រាជធានី​ភ្នំពេញ ក៏​ដូចជា​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ក្លាយទៅ​ជា ទីក្រុង​ឆ្លាតវៃ។ ការ​បញ្ជាក់​នេះ ធ្វើឡើង​​ក្នុង​ជំនួប​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី​ទីក្រុង​៣របស់​កម្ពុជា រួមមាន ភ្នំពេញ បាត់ដំបង និង​សៀមរាប ត្រូវបាន​ជ្រើសរើស​ធ្វើជា​ទីក្រុង​សាកល្បង​នៃ​គម្រោង​បណ្តាញ​ក្រុង​ឆ្លាតវៃ​អាស៊ាន (ASCN) ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៣២ នៅ​ប្រទេស​សិង្ហបុរី កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ៕

អត្ថបទ​ទាក់ទង

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;