កំណើន​វិស័យ​សំណង់ ៥ឆ្នាំ​ចុងក្រោយ បាន​ជួយ​​ទប់ជើង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ឱ្យ​នៅ​ថេរ

  • 2018-06-13 12:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះ​កំណើន​នៃ​លំហូរ​ចូល​របស់​អ្នក​វិនិយោគ​ទុន​ក្នុង​ស្រុក និង​បរទេស​នៅក្នុង​វិស័យ​សំ​ណង់ និង​អចលនទ្រព្យ បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ឱ្យ​មាន​កំណើន​ថេរ​ ដោយ​ស្ថិត​នៅក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ ៥ឆ្នាំ​ចុងក្រោ​យនេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ស្តីពី វិស័យ​សំណង់ ដោយ​រាប់​គិត​ចាប់ឆ្នាំ​២០១៣ រហូត​មកដល់​ឆ្នាំ​២០១៧ បាន​បង្ហាញ​ពី​សមិទ្ធផល​នៃការ​សាងសង់​ទូទៅ​ មាន​ដូចខាង​ក្រោម៖  

  • ២០១៣៖ គម្រោង​ដែល​ត្រូវបាន​អនុម័តមាន​ប្រមាណជាង​ ១,៦ពាន់​គម្រោង​ ដោយ​សាងសង់​លើ​ផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង​ ៧,៦​លាន​ម៉ែត្រ​ការ៉េ​ និង​មាន​ទុន​វិនិយោគ​​ប្រមាណ​២,៧ ពាន់​លាន​ដុល្លារ។

  • ២០១៤៖ ទុន​វិនិយោគ​សរុប​នៃ​វិស័យ​សំណង់​បាន​ថមថយ​បន្តិច​នៅ​ត្រឹម​ ២,៥​ពាន់​លាន​ដុល្លារ ពោល​បើ​ប្រៀប​ធៀប​នៅឆ្នាំ​២០១៣ គឺមាន​ការ​ថយចុះ​ជាង​៩%។ គម្រោង​សាងសង់​កើនឡើង​ដល់​ជាង ១,៩ពាន់​គម្រោង ដោយមាន​ផ្ទៃក្រ​ឡា​សាងសង់​សរុប​តែ ៦,៤លានម៉ែត្រ​ការ៉េ។

  • ២០១៥៖ ២,៣ពាន់​គម្រោង ត្រូវ​បាន​អនុម័ត​ឱ្យ​មាន​ការ​សាងសង់​ ដែល​មានផ្ទៃ​ក្រឡា​សំណង់​សរុប​ជិត ៧,៧​លាន​ម៉ែត្រ​ការ៉េ។ ទុន​វិនិយោគ​កើន​ដល់​ប្រ​មាណ ៣,៣ពាន់​លាន​ដុល្លារ​អាមរិក បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៤ កើនឡើង​ជាង ៣៣%។

  • ២០១៦៖ មាន ២,៦ពាន់​គម្រោង​ត្រូវបាន​អនុម័ត​ឱ្យ​មានការ​សាងសង់ ដោយមាន​ផ្ទៃ​ក្រឡា​សំណង់​សរុប ១២​លាន​ម៉ែត្រ​ការ៉េ។ ហើយ​ទុន​វិនិយោគ​មាន​ប្រមាណ ៥,៥ ពាន់លាន​ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៥ គឺ​មាន​ការ​កើន​ឡើង​ជាង​ ៦៧%។

  • ២០១៧៖ ទុន​វិនិយោគ​បាន​កើន​ដល់​ប្រមាណ​ជាង ៦,៨​ពាន់លាន​ដុល្លារ​អាមេរិក បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០១៦ កើនឡើង​ជាង ២១%។ ហើយ​គម្រោង​ដែលត្រូវ​បាន​អនុម័ត​មាន​ជាង ៣,៤ពាន់​គម្រោង។

សំណង់អគារ នៃទីក្រុងអូឡាំព្យា ក្នុងរាជធានីភ្នំពេញ

លោក ជីវ ស៊ីវផេង លេខាធិការ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា ភាព​រីកចម្រើន​ក្នុង​វិស័យ​សំណង់ ដោយសារ​ស្ថិរភាព​នយោបាយ រួមទាំង​បរិយាកាស​នៃការ​ផ្តល់​របប​លើក​ទឹកចិត្ត​ចំពោះ​គម្រោង​វិនិយោគ ដែលជា​ការ​បើក​ទ្វារ​សម្រាប់​វិនិយោគិន​ទាំងក្នុង និង​ក្រៅស្រុក នៃ​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សំណង់​ឱ្យ​កាន់​តែមាន​សក្តានុពល។

ម្យ៉ាងវិញ​ទៀត លោក ស៊ីវផេង​ ក៏បាន​មើលឃើញ​ដែរ​ថា​ កំណើន​នៃ​តម្រូវការ​លំនៅឋាន ក៏បាន​រួមចំណែក​ភាព​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះ​ដែរ​​ ស្របពេល​ដែល​ប្រជាជន​កម្ពុជា ភាគច្រើន អាចមា​ន​លទ្ធ​ភាពទិញ​លំនៅឋាន​សម្រាប់​ស្នាក់នៅ តាមរយៈ​ការ​ទិញ​បង់​រំលស់​ជាដើម។ ​

សូម​ជម្រាប​ថា កម្ពុជា​នឹងមាន​ប្រជាជន​​ជាង​ ១៨លាន​នាក់ នៅឆ្នាំ​២០៣០​ ហើយ​តម្រូវការ​លំនៅឋាន​ថ្មី​ប្រមាណ​ជាង ១,១ លាន​បន្ថែម​ទៀត។ ក្នុងនោះ​ដែរ នៅ​រាជធានី​ភ្នំពេញ ទីក្រុង និង​ទីប្រជុំជន មាន​តម្រូវការ​ប្រមាណ ៨០ម៉ឺន​លំនៅឋាន ហើយ​បើគិត​ជា​មធ្យម មាន​តម្រូវការ​លំនៅឋាន​ប្រមាណ ៥ម៉ឺន​យូនីត​ក្នុង​មួយ​ឆ្នាំ។ នេះបើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ៕


អត្ថបទ៖ ឈុត សិរីឧត្តម