ដូណាល់ ត្រាំ គំរាមដំឡើងពន្ធលើ​ទំនិញចិន ២០០​ពាន់​លាន​ដុល្លារ​បន្ថែមទៀត

  • 2018-06-19 03:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​មហា​យក្ស​ចិន ដោយ​កាល​ពី​ថ្ងៃ​ទី១៨ មិថុនា​ម្សិលមិញ លោកបាន​បញ្ចេញ​នូវ​គម្រោង​ដំឡើង​ពន្ធ​នាំ​ចូល​ ១០​% ទៅ​លើ​ទំនិញ​ចិន​បន្ថែម​ទៀត ដែល​មាន​ទំហំទឹកប្រាក់ប្រមាណ​ ២០០ ពាន់​លាន​ដុល្លារ «បើ​សិន​ជា​ចិន​ដំឡើង​ពន្ធ​នាំចូល​របស់​ខ្លួន​ម្ដង​ទៀត​»។

លោក​ ដូណាល់ ត្រាំ ថ្លែង​នាពេល​កន្លងមក
លោក ត្រាំ បាន​បញ្ជាក់​ថា លោកនឹង​ចាត់​វិធានការ​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ការ​វាយ​បក​របស់​ទីក្រុង​ប៉េកាំង ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ​នាំចូល​របស់​សហរដ្ឋអាមេរិក។

«ចំណាត់​ការ​ផ្សេងៗ​ទៀត នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ជំរុញ​ឲ្យ​ចិន ផ្លាស់​ប្ដូរ​ការ​អនុវត្ត​ពាណិជ្ជកម្ម​ដែល​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន​ ដើម្បី​បើក​ទីផ្សារ​ទទួល​យក​ទំនិញ​របស់​សហរដ្ឋអាមេរិក ព្រម​ទាំង​យល់ព្រម​ទទួល​យក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ត្រឹម​ត្រូវ​ជាង​នេះ​ជាមួយ​សហរដ្ឋអាមេរិក។»​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​សេចក្ដីថ្លែងការណ៍​។

លោក ត្រាំ បាន​ពន្យល់​ទៀត​ថា «ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ត្រូវ​តែ​មាន​ភាព​ស្មើគ្នា​ជាង​នេះ»។ លោក បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រធានាធិបតីចិន លោក​ស៊ី ជិនភីង។ យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ។ ប៉ុន្តែ​សហរដ្ឋអាមេរិក មិន​ព្រម​ឲ្យ​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេង​ទៀត​ កេង​ចំណេញ​លើ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បន្ត​ទៀត​ជា​ដាច់​ខាត។»

លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន ទទួល​ស្វាគមន៍​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក អំឡុង​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង នា​ពេល​កន្លង​មក

គួរ​រម្លឹក​ថា ប្រធានាធិបតី​អាមេរិក លោក ​ដូណាល់ ត្រាំ កាល​ថ្ងៃ​ទី ១៤ មិថុនា​កន្លងទៅ បាន​សម្រេច​យល់​ព្រម​លើ​ការកំណត់​ពន្ធ​នាំ​ចូល ២៥%​ លើ​ទំនិញ​ចិន​ ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៥០ពាន់​លាន​ដុល្លារ ក្នុង​នោះ​​ភាគ​ច្រើន ជាផលិតផល​បច្ចេកវិទ្យា ដែល​មហាយក្ស​ចិន​ ឈាន​មុខ​ជាង​គេ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ មហាយក្សចិន​ ​កាល​ពី​ថ្ងៃទី១៥ មិថុនា​កន្លងទៅ បាន​សម្រេច​កំណត់​ពន្ធ​បន្ថែម​ចំនួន ២៥% លើ​ទំនិញ ៦៥៩​មុខ​របស់​សហអាមេរិក ដែល​មាន​ទំហំ​ទឹកប្រាក់ ៥០​ពាន់​លាន​ដុល្លារ ក្នុង​នោះ ទំនិញ ៥៤៥​មុខ ដែល​មាន​ទំហំ​ទឹកប្រាក់ ៣៤​ពាន់​លាន​ដុល្លារ ជា​ផលិតផល​កសិកម្ម៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;