សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន អាចផ្តល់ផលវិជ្ជមានដល់ប្រទេសវៀតណាម តែ...

  • 2018-06-20 03:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​កើន​ឡើង​កម្ដៅ​ពាណិជ្ជកម្ម​ថ្មីៗ​នេះ​រវាង​សហរដ្ឋអាមេរិក និង​ចិន អាច​ផ្តល់​ផល​វិជ្ជមាន​​ដល់​ឧស្សាហកម្ម​មួយ​ចំនួន ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​អ្នក​ជំនាញ​ក៏​បាន​ព្រមាន​ថា ផលចំណេញ​ទាំងនោះ អាច​បានត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​ ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង នាពេល​កន្លងមក
ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា លោកនឹង​កំណត់​ពន្ធ​នាំ​ចូល​លើទំនិញ​ចិន​តម្លៃ​ ៥០ ពាន់​លាន​ដុល្លារ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​០៦ ​កក្កដា ២០១៨ ខាងមុខ។ ឆ្លើយ​តប​នឹង​រឿង​នេះ ​មហាយក្ស​ចិនក៏​បាន​វាយ​បក​ដោយ​ការ​កំណត់​ពន្ធ​ដូច​គ្នា​ទៅ​លើ​ទំនិញ​នាំចូល​របស់​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​ បាន​កំណត់​ពន្ធ​នាំ​ចូល​២៥% លើ​ទំនិញ​យុទ្ធសាស្ត្រ​សំខាន់ៗ​ប្រមាណ​ជាង៨០០ មុខ ដែល​នាំ​ចូល​ពី​ប្រទេស​ចិន រួម​មាន​ រថយន្ត និង​ប្រេង​ជា​ដើម ខណៈ​ចិនបាន​ប្រកាស​ថា ខ្លួន​នឹង​កំណត់​ពន្ធ​នាំ​ចូល​២៥% ទៅ​លើ​ទំនិញ​សហរដ្ឋអាមេរិក​ប្រមាណ​៦៥៩​ មុខ រួម​មាន​ សណ្តែក​សៀង​ និង​គ្រឿង​សមុទ្រ​ជាដើម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Reuters។

ទាក់​ទង​នឹង​រឿង​នេះ តំណាង​សមាគម​ឧស្សាហកម្ម​ឈើ​ និង​សិប្បកម្ម​នៃ​ទីក្រុងហូជីមិញ (HAWA) បាន​ប្រាប់​ទៅ​កាន់​កាសែត​វៀតណាម Tuoi Tre ថា ជំនួញ​ឈើ​របស់​វៀតណាម នឹង​ទទួល​បាន​ផល​ចំណេញ​ពីសង្គ្រាម​ពាណិជ្ជកម្ម​នេះ ក្រោយ​ពី​សហរដ្ឋអាមេរិក កំណត់​ពន្ធ​នាំ​ចូល​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ផលិតផលឈើ​របស់​ចិន នា​ខែ​កក្កដា​ខាង​មុខ។

ឧស្សាហកម្មឈើ​ក្នុង​ប្រទេស​វៀតណាម

ក្នុងរយៈ​ពេល​២​ខែ​ដំបូង​នៃ​ដើម​ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​ឈើ​ពី​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​មាន​ចំនួន​ដល់​ទៅ​ ៣៩,៧% គឺ​កើន​ចំនួន ១៤,៦% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ហេតុផល​ដែល​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នេះ​ ក៏​ព្រោះ​តែសហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន កាល​ពី​ចុង​ឆ្នាំ​២០១៧។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VietnamExpress នៅ​ថ្ងៃ​ទី​២០ មិថុនា​ ឆ្នាំ២០១៨នេះ។

យោង​តាម​ស្ថិតិ​របស់ HAWA បាន​បញ្ជាក់​ថា វៀតណាមឈរ​នៅ​លេខ​រៀង​ទី៥ នៃ​អ្នក​នាំ​ចេញ​ឈើ​ច្រើន​បំំផុត​ទៅ​កាន់​​សហរដ្ឋអាមេរិក ខណៈ​ប្រទេស​ចិនឈរ​នៅ​លំដាប់​កំពូល។ បើ​សិន​ជំនួញ​របស់​វៀតណាមអាច​ឆ្លៀត​យក​ឱកាស​នេះ​បាន​ កំណើន​ការ​នាំ​ចេញ​ឈើ​ទៅ​កាន់​សហរដ្ឋអាមេរិក អាច​កើន​ឡើង​លឿន​ជាង​ពេល​នេះ​មិន​ខាន​។ នេះ​ជា​លើក​ឡើងរបស់​អ្នក​ជំនាញ។

ក្រៅ​ពី​ផលិតផល​ឈើ ជំនួញ​ដែក​ថែប​វៀតណាម ក៏​អាច​នឹង​ចំណេញ​ពី​ការ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​ដែក​ថែប​វៀតណាម Vietnam Italy Steel Jsc លោក Nguyen Huy Do ប្រាប់​ទៅ​កាន់​កាសែតវៀតណាម Tuoi Tre។

ឧស្សាហកម្ម​ដែក​ថែប​ក្នុង​ប្រទេសវៀតណាម

យ៉ាង​ណា​មិញ ក្រុម​អ្នក​ជំនាញ​ឧស្សាហកម្ម​មួយ​ចំនួនក៏​បាន​ព្រមាន​ដែរ​ថា ប្រទេស​ចិនប្រហែល​ជា​អាច​វិនិយោគ​ក្នុង​រោងចក្រ​ផលិត​ដែក​ថែប​វៀតណាម ដើម្បី​ទទួល​បាន​ «ស្លាកសញ្ញា​​វៀតណាម» ​នៅ​លើ​ផលិតផល ដែល​នឹង​អាច​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន ដោយ​មិន​ជាប់​ពន្ធ​ធ្ងន់ធ្ងរ​។

គួររម្លឹកថា កាល​ពី​ខែ​មុន​ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិកបាន​ដំឡើង​ពន្ធ​នាំ​ចូល​ទៅ​លើ​ទំនិញ​ដែក​ថែប​វៀតណាម​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិច។​ ក្រោយ​ពី​កើត​ហេតុការណ៍​នេះ សមាគម​ដែក​ថែប​វៀតណាមបាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹងការ​គ្រប់​គ្រង​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​ជំនួញ​ដែក​ថែប​ពី​បរទេស៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;