កម្ពុជា-ចិន ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង ដោះ​មីន ប្រព័ន្ធ​ដឹកជញ្ជូន និង​ជួសជុល​រាជវាំង​នៅ​អង្គរ

  • 2018-06-20 03:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​លោកស្រី Gao Yan អនុរដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន បានធ្វើជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន៣ កាលពី​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ស្តីទីការ​ក្រសួង​សេដ្ឋកិច្ច។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច បាន​ឱ្យដឹង​ថា ឯកសារ​ទាំងនោះ​រួមមាន​ដូចខាង​ក្រោម៖

១. លិខិត​ប្រគល់-ទទួល នូវ​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២,៥លានដុល្លារ សម្រាប់​ការ​អនុវត្ត​គម្រោង​កាត់​បន្ថយ​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ​នៅកម្ពុជា។ ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​រួមចំណែក​ការងារ​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ សម្រាប់​បម្រើ​វិស័យ​មនុស្សធម៌ នៅ​កម្ពុជា ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីនកម្ពុជា។

២. កិច្ចព្រមព្រៀង​សម្រាប់​រៀបចំ​ផែនការ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា ដោយ​ផ្តោត​ជាពិសេស​លើ​ប្រព័ន្ធ​ផ្លូវគោក ផ្លូវដែក ផ្លូវ​ទឹក​ផ្ទៃក្នុង ការ​ដឹកជញ្ជូន​តាម​សមុទ្រ អាកាសចរណ៍​ស៊ីវិល និង​ឡូជីស្ទីក។

៣. កិច្ច​ព្រមព្រៀង​សម្រាប់​ការ​អនុវត្ត​គម្រោង​ជួសជុល​ព្រះបរមរាជវាំង​នៅ​ប្រាសាទ​អង្គរ​វត្ត ខេត្ត​សៀមរាប។ បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួច ភាគី​ចិន នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ដើម្បី​ស្តារ​ឡើងវិញ​នូវ​ស្ថាបត្យកម្ម ការងារ​ពាក់ព័ន្ធ​នឹង​បុរាណ​វិទ្យា ការ​អភិរក្ស​ចម្លាក់​ថ្ម​ជាដើម។

លោកស្រី Gao Yan ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការ​ក្រសួងសេដ្ឋកិច្ច។ រូបថត៖ ក្រសួងសេដ្ឋកិច្ច
ក្នុង​ឱកាស​នោះដែរ ភាគី​ទាំង២ ក៏បាន​រួមគ្នា​ប្រកាស​បើក​ជាផ្លូវការ​នូវ​គម្រោង​ហិរញ្ញប្បទាន​ឥតសំណង​ពី​ប្រទេស​ចិន សម្រាប់​ការកែលម្អ​បរិស្ថាន​សាលារៀន និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​អប់រំ។ គម្រោង​នេះ នឹង​ធ្វើឡើង​នៅ​វិទ្យាល័យ​ចំនួន​២៦ និង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​គ្រូ​ចំនួន ១ នៅ​រាជធានី​ភ្នំពេញ ១ នៅ​ខេត្ត​កំពង់ចាម និង​១ទៀត​នៅ​ខេត្ត​កណ្តាល។

សូម​ជម្រាប​ថា គិត​ពីឆ្នាំ​២០០១ ដល់​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋាភិបាល​ចិន បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង ៥,២ពាន់​លានដុល្លារ​ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​ឥត​ការ​ប្រាក់​សរុប​មាន​ចំនួន​ជាង ១,២ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;