កម្ពុជា មាន​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ចំនួន​ ៨ហើយ គិតត្រឹម​ខែ​មិថុនា​នេះ

  • 2018-06-20 10:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកសារ​របស់​ក្រសួង​បរិស្ថាន បង្ហាញ​ថា គិត​ចាប់ពីឆ្នាំ​១៩៩៣ ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ កម្ពុជា មាន​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ចំនួន ៨​តំបន់​ហើយ។ តំបន់​ទាំង​នោះ រួមមាន៖

១-ដងពែង ស្ថិតនៅ​ក្នុង​ខេត្ត​កោះកុង ដែលមាន​ផ្ទៃ​ក្រឡា ២៧ ៧០០ ហិកតា កំណត់​ដោយ​ព្រះរាជក្រឹត្យ ចុះថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣។

តំបន់ទឹកធ្លាក់ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ រូបថត៖ ក្រសួងបរិស្ថាន
២-សំឡូត ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន និង​បាត់ដំបង ដែលមាន​ផ្ទៃក្រឡា ៦ម៉ឺន​ហិកតា កំណត់​ដោយ​អនុក្រឹត្យ ចុះថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣។

៣-ទន្លេសាប ស្ថិតក្នុង​ទីតាំង​កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​សៀមរាប ដែលមាន​ផ្ទៃក្រឡា ៣១៦ ២៥០ ហិកតា កំណត់​ដោយ​ព្រះ​រាជក្រឹត្យ ចុះ​ថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣។

៤-ពញាក្រែក ស្ថិតនៅ​ទីតាំង​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ផ្ទៃ​ក្រឡា ១៩៩ ហិកតា កំណត់​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ​២០១៦។

៥-ព្រែក​ទឹកសាប​ក្បាលឆាយ ស្ថិត​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃ​ក្រឡា ៥ ៥២០ ហិកតា កំណត់​ដោយ​អនុក្រឹត្យ ចុះថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៦។

៦-ភ្នំនាង​កង្រី-ភ្នំទូកមាស ស្ថិតក្នុងខេត្ត​កំពង់ឆ្នាំង មាន​ផ្ទៃក្រឡា ៥០៦៣ហិកតា កំណត់​ដោយ​អនុក្រឹត្យ​ ចុះ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧។

៧. សសរស្តម្ភ​សត្វតោ ស្ថិតក្នុង​ខេត្ត​ក្រចេះ មាន​ផ្ទៃក្រឡា ៨៣៩​ហិកតា កំណត់​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ​២០១៧។

៨-បឹង​យក្ខឡោម ស្ថិតក្នុង​ខេត្ត​រតនគិរី ដែល​មាន​ផ្ទៃដី​សរុប ចំនួន ២២៥ ហិកតា កំណត់​ដោយ​អនុក្រឹត្យ ចុះថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨។

បឹងយក្ខឡោម

ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង សំដៅ​ដល់​តំបន់​ក្នុង​ដែនដី​គោក និង/ឬ​ដែន​ទឹក​ដែលក្នុង​នោះ មាន​សម្បូរ​ដោយ​ប្រព័ន្ធ​ធម្មជាតិ ដែល​ពុំទាន់​រងការ​បំផ្លិច​បំផ្លាញ និង​តម្រូវ​ឱ្យមាន​សកម្មភាព​គ្រប់គ្រង ដើម្បី​ធានា​ការ​ការពារ ការ​ថែទាំ​ធនធាន​ជីវ​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ពេល​យូរអង្វែង។ ទន្ទឹម​នឹងនេះ​ដែរ អាចផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការ​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍។

ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង មាន​គោល​បំណង ដើម្បី​ធានា​ឱ្យ​មាន​ការ​ថែទាំ​ទី​ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ ព្រមទាំង​ធានា​ឱ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់ សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វព្រៃ រុក្ខជាតិ និង​ជីវ​ចម្រុះ រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ។

ការ​បង្កើត​តំបន់​នេះ ក៏បាន​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការ​ប្រើប្រាស់​ដោយ​និរន្តរភាព លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុងការ​ថែរក្សា ការពារ​អភិរក្ស និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ការពារ​ធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;