អង្គការ​១​ទៀត​ហើយ ប្រកាស​មិន​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត

  • 2018-06-20 10:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​តម្លាភាព​កម្ពុ​ជា បាន​ប្រកាស​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ២០១៨​នេះ​ថា ខ្លួន​នឹង​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ នោះ​ទេ​។

អង្គការ​តម្លាភាព​កម្ពុ​ជា​ បាន​បញ្ជាក់​ពី​មូលហេតុ​ថា ដោយសារ​តែ​បរិយាកាស និង​លក្ខខណ្ឌ​នយោបាយ​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត មិន​អំណោយផល ជា​ពិសេស ខ្លួន​ពុំ​អាច​ប្រមូល​បាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សង្កេតការណ៍​បោះឆ្នោត និង​រួមចំណែក​នៅក្នុង​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ ប្រកប​ដោយ​អត្ថន័យ​នោះឡើយ​។

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅមណ្ឌល១កន្លែង ក្នុងរាជធានីភ្នំពេញ
ជាការ​ឆ្លើយតប លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែង​ថា ការ​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ថ្នាក់ជាតិ របស់​អង្គការ​តម្លាភាព​កម្ពុជា មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នោះទេ​។ លោក​ហង្ស ពុទ្ធា បាន​ហៅ​ការប្រកាស​របស់​អង្គការ​តម្លាភាព​កម្ពុជា​បែបនេះ គ្រាន់តែ​ជា​លេស និង​ទទួល​ឥទ្ធិពល​ពី​ក្រុម​ណាមួយ​តែ​ប៉ុណ្ណោះ។

​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ បាន​បញ្ជាក់​ផងដែ​រថា ការ​ទទួល​ចុះឈ្មោះ​ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ចាប់តាំងពី​ថ្ងៃទី​២៣ ខែមេសា​មក មាន​អង្គការ​សមាគម​ប្រមាណ​ ៦០​ស្ថាប័ន ដែល​នឹង​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នាពេល​ខាងមុខនេះ ហើយ គ​.​ជ​.​ប កំពុង​ពិនិត្យ​លើ​ពាក្យស្នើសុំ​ចូលរួម​សង្កេតការណ៍​ពី​អង្គការ សមាគម​ជាង ​៣២​ផ្សេងទៀត​ផងដែរ​។

លោក​បន្តថា ចំណែក​អ្នក​សង្កេតការណ៍​អន្តរជាតិ​វិញ គ​.​ជ​.​ប បាន​ទទួលស្គាល់​ចំនួន​១៣​នាក់​ហើយ និង​កំពុង​ពិនិត្យ​ចំនួន​៤​នាក់​បន្ថែមទៀត និង​មុន​បោះឆ្នោត​១​ថ្ងៃ គ​.​ជ​.​ប នឹង​ទទួល​ស្វាគមន៍​អ្នក​សង្កេតការណ៍​អន្តរជាតិ​ប្រមាណ​៣០​នាក់​បន្ថែម​ទៀត។

លោក ហង្ស ពុទ្ធា ក្នុងកិច្ចប្រជុំ១របស់ គ.ជ.ប នាពេលកន្លងមក

គួរ​រំលឹក​ថា កាលពី​ខែ​ឧសភា​កន្លង​ទៅ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​សំខាន់ៗ​ចំនួន​ពីរ​គឺ​អង្គការ​ខុមហ្វ្រែល​ និង​ និចហ្វិច បាន​ប្រកាស​មិន​ចូលរួម​សង្កេត​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទេ​ ដោយ​លើក​មូលហេតុ​ថា មិនមាន​អតីត​គណបក្ស​ប្រឆាំង​ចូលរួម៕

អត្ថបទ​ទាក់ទងសមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា ប្រកាស​​​ចូលរួម​​សង្កេតការណ៍​បោះឆ្នោត ខណៈ​អង្គការ​ធំ២​មិន​ចូលរួម

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;