អ្នក​នាំពាក្យ​ក្រសួង បញ្ជាក់​ពី​ថ្ងៃ​បើក​ដំណើរការ​សាកល្បង​ផ្លូវដែក​ភ្នំពេញ-ប៉ោយប៉ែត​ហើយ​

  • 2018-06-20 11:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី បូរិន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹង​ថា តាម​គម្រោង​ផ្លូវដែក​ភ្នំពេញ-ប៉ោយ​ប៉ែត នឹង​បើក​ដំណើរការ សាកល្បង​ចាប់​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៨ ហើយ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​សេវា​នេះ ដោយ​មិន​ត្រូវ​បាន​យក​លុយ​ឡើយ រហូត​ដល់​ថ្ងៃ​ទី០១ ខែ​សីហា​ខាងមុខ​។ នេះ​ជា​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី​២០​មិថុនា។

ក្បាលរថភ្លើង នៅស្ថានីយភ្នំពេញ
​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០១៨ ថា គម្រោង​កែ​លម្អ​ផ្លូវ​ដែក​ពី​ពោធិ៍សាត់​មក​កាន់​រាជធានី​ភ្នំពេញ សម្រេច​បាន​ជាង​៩០% ហើយ ពោល​គឺ​អាច​តភា្ជប់​១០០ភាគ​រយ តាម​ផែនការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី០៤ ខែ​កក្កដា​ខាងមុខ​នេះ។

លោក​បាន​បន្ដ​ថា ដើម្បី​ឲ្យ​សម្រេច​បាន តាម​ផែនការ​កំណត់​នេះ ក្រសួង​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ ធ្វើការ​កែ​លម្អ​ជួសជុល​កំណាត់​ផ្លូវដែក​ដែល​មាន​ប្រវែង​ជាង ១៦០​គីឡូម៉ែត្រ​នេះ ដោយ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​តភ្ជាប់​ផ្លូវដែក ឡើងវិញ​ពី​ភ្នំពេញ​រហូត​ដល់ ប៉ោយប៉ែត​ព្រំដែន​កម្ពុជា-ថៃ។

ផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ

​សូម​បញ្ជាក់​ថា ផ្លូវដែក​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត ព្រំដែន​កម្ពុជា-ថៃ មាន​ប្រវែង​ជាង ៣៨០​គីឡូម៉ែត្រ ឆ្លងកាត់​រាជធានី ខេត្ត​ចំនួន​៧ ក្នុង​នោះ មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ហើយ បច្ចុប្បន្ន​ផ្លូវ​ដែក​នេះ​បាន​តភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ព្រំដែន​កម្ពុជា ថៃ មក​ដល់​ខេត្ត ពោធិ៍សាត់​រួច​ហើយ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;