ចិន ពិចារណា​បង្កើន​ការ​ទិញ​អង្ករ​កម្ពុជា និង​ផលិតផល​ផ្សេង​ទៀត នៅ​ឆ្នាំ​២០១៩

  • 2018-06-21 02:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​លើក​ទី៥ នៃ​គណៈកម្មការ​ចម្រុះ​ទ្វេភាគី​កម្ពុជា-ចិន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៩​មិថុនា ភាគី​ចិន​ដែល​ដឹកនាំ​ដោយ​លោកស្រី កៅ យាន អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​បង្កើន​ការ​ទិញ​ផលិតផល​បន្ថែម​ពី​កម្ពុជា រួម​ទាំង​ការ​ទិញ​អង្ករ ផង​ដែរ សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

លោក ប៉ាន សូរស័ក្តិ ផ្ដល់វត្ថុអនុស្សាវរីយ ជូនលោកស្រី កៅ យាន អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន អំឡុងជំនួប​លើក​ទី៥ នៃ​គណៈកម្មការ​ចម្រុះ​ទ្វេភាគី​កម្ពុជា-ចិន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៩​មិថុនា (រូបថត៖ ក្រសួង​ពាណិជ្ជកម្ម)
ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក និង​លើក​ទិសដៅ​ការងារ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ភាគី​ឲ្យ​បាន​ដល់ ៦ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​កន្លង​មក​តែងតែ​ជួយ​គាំទ្រ​ការ​អនុវត្ត​គម្រោង​នានា​របស់​កម្ពុជា និង​បាន​កៀរគរ​វិនិយោគិន ឲ្យ​ចូល​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា ក្រោម​ក្របខ័ណ្ឌ​វិថី​មួយ ខ្សែក្រវាត់​មួយ។

លោក ប៉ាន សូរស័ក្តិ និង​លោកស្រី​ កៅ យាន បាន​អបអរ​ចំពោះ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧ ដែល​សម្រេច​បាន​ប្រមាណ ៥៨០០​លាន​ដុល្លារ​អាមេរិក ពោល​គឺ​បាន​កើន​ឡើង ២១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ ៤៧៦០​លាន​ដុល្លារ​អាមេរិក​។ ក្នុង​នោះ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ចិន បាន​កើន​ឡើង​ចំនួន ២២% ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ត្រឹមតែ ៣៩២៩​លាន​ដុល្លារ​ប៉ុណ្ណោះ។

កម្មករម្នាក់ កំពុងសែងប៉ាវអង្ករ

តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែ​មួយ សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្គរ បាន​ឲ្យដឹង​ថា នៅ​ក្នុង​រយៈពេល​៤ខែ ដើម​ឆ្នាំ​២០១៨ ចិន​ឈរ​នៅ​លេខ​១ ដោយ​បាន​នាំចូល​អង្ករ​កម្ពុជា​ច្រើន​ជាងគេ ប្រមាណ​ជាង ៥ម៉ឺន​តោន តាម​ពី​ក្រោយ​ដោយ​បារាំង ២,៦​ម៉ឺនតោន និង​​ប៉ូឡូញ​១,១​ម៉ឺន​តោន។ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​ ៦៣​ម៉ឺន​តោន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;