ចិន​សោកស្ដាយ ខណៈ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស UN ចាត់​វិធានការ​បន្ទាប់ ក្រោយ​អាមេរិក​ចាកចេញ

  • 2018-06-21 03:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​ចិន​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អាមេរិក ដែល​បាន​ចាកចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​វិញ​បាន​បញ្ជាក់​ថា សមាជិក​ថ្មី​នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ឆាប់ៗ​នេះ ដើម្បី​ជំនួស​សហរដ្ឋអាមេរិក​សម្រាប់​អាណត្តិ​ដែល​នៅ​សល់ ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស។

លោក ស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ
---

ក្រោយ​អាមេរិក​ប្រកាស​ចាកចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ចេញ​មក​បញ្ជាក់​ថា "ចិន​សោកស្ដាយ​ចំពោះ​ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ... ក្រុមប្រឹក្សា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ជា​វេទិកា​ដ៏​សំខាន់​មួយ សម្រាប់​ភាគី​ជាច្រើន​ធ្វើការ​ពិភាក្សា កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា និង​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ និង​សិទ្ធិមនុស្ស"។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា ភាគី​ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ។


លោក Vojislav Suc ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​

ងាក​ទៅ​លោក Vojislav Suc ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​វិញ​បាន​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​លើក​ទី៣៨ នៃ​ក្រុមប្រឹក្សា នៅ​ក្រុង​ហ្សឺណែវ​ថា គាត់​បាន​ទទួល​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ពី​ការ​ចាកចេញ​របស់​អាមេរិក​ហើយ។ លោក​បន្ថែម​ថា លោក​នឹង​ស្នើ​ទៅ​កាន់​លេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ ដើម្បី​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ទៀត៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;