លោក គីម ជុងអ៊ុន ផ្តោតលើ​វិស័យ​ថ្មី១ ក្រោយ​បោះបង់​នុយក្លេអ៊ែរ

  • 2018-06-21 06:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​បាន​យល់ព្រម​លុប​បំបាត់​នុយក្លេអ៊ែរ ក្នុង​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងត្បូង និង​អាមេរិក នាពេល​កន្លង​មក ពេល​នេះ លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាងជើង កំពុង​ផ្តោតការ​យកចិត្ត​ទុកដាក់ ទៅលើ​វិស័យ​ទេសចរណ៍ ក្នុងការ​អភិវឌ្ឍ​ប្រទេស។

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Straitstimes នៅថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ២០១៨​នេះ ឱ្យដឹង​ថា លោក គីម ជុងអ៊ុន កំពុង​ជំរុញ​លើ​គម្រោង​ទេសចរណ៍​ដ៏​ធំ១ នៅ​ក្រុង​ឆ្នេរ​សមុទ្រ Wonsan ដែល​ស្ថិត​នៅ​ភាគខាង​កើត​ប្រទេស មាន​ចម្ងាយ​ប្រមាណ ១៨០​គីឡូម៉ែត្រ ពី​ក្រុង​ព្យុងយ៉ាង។

លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅក្រុងតំបន់ទេសចរណ៍ Wonsan-Kalma កាលពីខែឧសភា ឆ្នាំ២០១៨ (រូបថត៖ Yonhap)
លោក គីម បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ទេសចរណ៍​ Wonsan-kalma ដោយ​បញ្ជា​ឱ្យ​ក្រុមការងារ​ឆាប់​បញ្ចប់​គម្រោង​នេះ នៅ​ត្រឹមថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​២០១៩ ពោលគឺ​ចំ​ថ្ងៃខួប​កំណើត​របស់​ស្ថាបនិក​កូរ៉េ​ខាងជើង លោក គីម អ៊ីលស៊ុង។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់ KCNA កាលពី​ខែ​ឧសភា។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨​កន្លងទៅ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​ថា កូរ៉េ​ខាងជើង ជា​ប្រទេស​មាន​សក្តានុពល​សម្រាប់​ការ​សាងសង់​ខុនដូ និង​សណ្ឋាគារ នៅ​តំបន់​ឆ្នេរ​សមុទ្រ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​កំពូល​ជាមួយ​លោក គីម ជុងអ៊ុន នៅ​សិង្ហបុរី។

KCNA ក៏បាន​បញ្ជាក់​ដែរ​ថា នៅ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ជំនួប​ជាមួយ​លោក ដូណាល់ ត្រាំ លោក គីម បាន​ដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ាន​១នេះ។

លោក Kim Yong Chol អនុប្រធាន​នៃ​គណៈ​កម្មា​ធិការ​បក្ស​ពលករ ត្រូវបាន​សារព័ត៌មាន​​កូរ៉េខាងជើង​១ផ្សេង​ទៀត រាយការណ៍​ថា បាន​ស្នើការ​គាំទ្រ​វិនិយោគ ពី​សហរដ្ឋ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​នេះ។

បើតាម​លោក Kim Young Hui ដែល​ជាអ្នក​ជំនាញ​១រូប​សិក្សា​អំពី​ប្រទេស​កូរ៉េ​ខាងជើង មកពី​ធនាគារ​អភិវឌ្ឍន៍​កូរ៉េ បាន​និយាយ​ថា ក្រុង Wonsan ជា​តំបន់​ភូមិសាស្រ្ត​ដ៏​អំណោយផល​១ ពិសេស​នៅជិត​ព្រំដែន​កូរ៉េ​ខាងត្បូង។ អ្នក​ទេសចរ​ នៅក្រុង​សេអ៊ូល អាចធ្វើ​ដំណើរ​ទៅ Wonsan បាន​យ៉ាង​ងាយស្រួល​តាម​ផ្លូវដែក។

ទិដ្ឋភាពក្រុង Wonsan ថតពីលើអាកាស (រូបថត៖ Yonhap)

លោក​យល់​ថា កូរ៉េ​ខាងជើង ចង់​បញ្ចប់​គម្រោង​ទេសចរណ៍​ខាងលើ​នេះ​ឱ្យបាន​ឆាប់ ដើម្បី​ជំរុញ​គម្រោង​របស់​កូរ៉េ​ទាំង២ និង​ទាក់ទាញ​អ្នក​វិនិយោគ ក្នុង​ពេល​ដែល​ទំនាក់​ទំនង​ប្រទេស​ទាំង២ កំពុង​មាន​ភាព​ល្អ​ប្រសើរ​ឡើង ហើយ​ទណ្ឌកម្ម​សេដ្ឋកិច្ច ក៏នឹង​ត្រូវ​ដក​ចេញពី​កូរ៉េ​ខាងជើង ឆាប់ៗ​នេះផង​ដែរ។

ជាច្រើន​ឆ្នាំ​មកនេះ កូរ៉េ​ខាងជើង បាន​រងការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អន្តរជាតិ ដូចជា ការ​ដាក់​កំហិត​លើការ​នាំចេញ​ធ្យូងថ្ម ដែក អាហារ​សមុទ្រ និង​វាយនភណ្ឌ​ជាដើម ព្រមទាំង​ការ​កំណត់​ការ​នាំចូល​ប្រេងឆៅ​របស់​ប្រទេស​នេះ​ផងដែរ ដោយសារ​កម្មវិធី​មីស៊ីល និង​នុយក្លេអ៊ែរ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;