ត្រាំ បញ្ជាក់​ថា កូរ៉េខាងជើង បានបំផ្លាញ​ទីតាំង​សាកល្បងអាវុធប្រល័យរបស់ខ្លួនចំនួន​ ៤ហើយ

  • 2018-06-22 02:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី២១ ​មិថុនា​ម្សិល​មិញ​ថា កូរ៉េខាងជើងបាន​បំផ្លាញ​ទីតាំង​សាកល្បង​អាវុធនុយក្លេអ៊ែរធំៗ​របស់​ខ្លួន​ចំនួន៤ ដែល​ជា​ដំណើរ​ឈាន​ទៅ​រក​ការ​«រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​»។ ការ​ថ្លែង​របស់​លោក​ត្រាំ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រដ្ឋបាល​មួយ ក្រោយ​ពី​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន កាល​ប៉ុន្មាន​សប្ដាហ៍​មុន។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ អំឡុង​ជំនួប​ចចារ​ជា​ប្រវត្តិសាស្រ្ដ នៅ​សណ្ឋាគារ Capella Hotel នៅ​សិង្ហបុរី នាថ្ងៃ​១២ ខែមិថុនា ឆ្នាំ២០១៨
លោក ដូណាល់​ ត្រាំ បាន​បញ្ជាក់​ថា «ពួក​គេ​ (កូរ៉េខាងជើង) បាន​បញ្ឈប់​ការ​បាញ់​មីស៊ីល រួម​មាន​មីស៊ីល​បាលីស្ទីក​ជាដើម។ ពួកគេ​កំពុង​តែ​បំផ្លាញ​ទីតាំង​សាកល្បង​អាវុធនុយក្លេអ៊ែររបស់​ពួក​គេ»។ លោក​ត្រាំ​បន្ត​ទៀត​ថា «ពួក​គេ​បាន​បំផ្លាញ​ទីតាំង​១ ក្នុង​ចំណោម​ទីតាំងសាកល្បង​ធំៗ​របស់​ពួក​គេ។ ពិត​ទៅ វា​មាន​ចំនួន​៤ ​។ ហើយ​រឿង​ដែល​សំខាន់​នោះ​គឺ​ វា​នឹង​ក្លាយ​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង។»

ជុុំវិញ​រឿង​នេះ វា​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ទីតាំង​សាកល្បង​មួយ​ណា​ដែល​លោក​ត្រាំ សំដៅ​ទៅ​រក។ គួរ​រម្លឹក​ថា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ កូរ៉េខាងជើង បាន​បំផ្លាញ​ទីតាំង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ Punggye-ri​ ដែល​រួមមាន​ទីតាំងរូង​ក្រោម​ដី​សាក​ល្បង​ចំនួន​ ៤។

គួរ​បញ្ជាក់​ថា តាមរយៈកិច្ចព្រមព្រៀង​រវាង​លោក ត្រាំ និង​លោក​ គីម ជុងអ៊ុន នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី១២ ខែ​មិថុនា កន្លង​ទៅ លោក គីម​ ជុង​អ៊ុន នឹង​ប្ដេជ្ញា​ធ្វើ​ការ​ឆ្ពោះ​ទៅ​រកការរំសាយ​អាវុធនុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ ខណៈ​លោក ​ដូណាល់​ ត្រាំ ប្ដេជ្ញា​ផ្តល់​នូវ​ការធានា​ផ្នែក​សន្តិសុខ​ទៅ​កាន់​របប​លោក គីម ជុងអ៊ុន៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;