ខេត្ត​ពោធិ៍សាត់ នឹង​មាន​ស្រុកថ្មី​មួយ ដែល​បំបែក​ចេញពី​ស្រុក​បាកាន

  • 2018-06-22 07:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​ប្រកាស​ថា នឹង​លើក​តំបន់​រដ្ឋបាល ព្រម​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា មកដាក់​នៅក្នុង​ឃុំ​តាលោ ស្រុក​បាកាន ដើម្បី​បង្កើត​ជាស្រុក​ថ្មីមួយ មាន​ឈ្មោះថា "ស្រុក​សំសាន្ត" នៅឆ្នាំ​២០១៩។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ជាមួយ​ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​តាលោ កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨។

លោក ម៉ៅ ធនិន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ​កម្មករ-និយោជិតរបស់ក្រុមហ៊ុន១ នៅក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ FB រដ្ឋបាល​ក្រុងពោធិ៍សាត់
លោក​អភិបាល​ខេត្ត​បាន​អះអាង​ថា នៅពេល​ដែល​ "ស្រុក​សំសាន្ត" ត្រូវ​បាន​បង្កើត​ចេញ​ជា​រូបរាង​ហើយ​នោះ នឹង​ក្លាយជា​ស្រុក​បង្អែក​មួយ បន្ទាប់ពី​ទីក្រុង​ពោធិ៍សាត់ ដែល​អាច​ជួយ​សម្រួល​ដល់ការ​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ជិត កាន់តែ​លឿន មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់។ លោក​ពន្យល់​ថា ឃុំ​តាលោ មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អ ប៉ុន្តែ​មាន​ចម្ងាយ​ឆ្ងាយពី​ទីរួមស្រុក​បាកាន ដែល​ពិបាក​ក្នុងការ​ធ្វើដំណើរ​មក​ទទួល​សេវា​សាធារណៈ។ ​

លោក​បន្ដ​ថា ការ​បង្កើត​​ស្រុក​ថ្មី​នេះ ត្រូវ​បាន​សុំ​ការ​ឯកភាព និង​ទទួលបាន​យល់ព្រម​ពី​សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​សម្ពោធ​អគារ​រដ្ឋបាល​សាលា​ខេត្ត​ពោធិ៍សាត់​ថ្មី​ នាពាក់​កណ្តាលខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ។

លោក ម៉ៅ ធនិន បាន​ចាត់ឱ្យ​អភិបាល​រង​ខេត្ត​២រូប សហការ​ជាមួយ​អ្នក​ជំនាញ ចុះ​សិក្សា​ប្លង់ពី​លើ​អាកាស និង​ប្លង់​ខាងក្រោម នៅលើ​ផ្ទៃដី​​សាងសង់​តំបន់​រដ្ឋបាល​ថ្មី​នេះ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា ជិត ១០០​ហិកតា៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;