ចិន គ្រោង​សាងសង់ផ្លូវដែកភ្ជាប់​​ទៅដល់​រាជធានី នៃប្រទេស​ជិតខាង​ខ្លួន១

  • 2018-06-22 08:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហាយក្សចិន គ្រោង​សាង​សង់​ផ្លូវ​ដែក​មួយ​ខ្សែ​ភ្ជាប់​ពី​ភាគ​ខាង​លិច​តំបន់​តៃប៉ិ​​នៃទីក្រុង Xigaze ប្រទេស​ចិន ទៅ​កាន់​រាជធានី ​Kathmandu ​ប្រទេស​នេប៉ាល់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត China Daily នៅ​ថ្ងៃ​ទី២២ មិថុនា​ឆ្នាំ​២០១៨​នេះ។ គម្រោង​សាង​សង់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ អំឡុង​ទស្សនកិច្ចជាផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក Khadga Prasad Sharma Oli ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាលពីថ្ងៃទី ២១ មិថុនា​ម្សិលមិញ។

លោក Khadga Prasad Sharma Oli(ឆ្វេង) និង​លោក Li Keqiang ក្នុងជំនួបនា​ទីក្រុងប៉េកាំង កាលពី​ថ្ងៃ​ទី២១ មិថុនា​ ឆ្នាំ​២០១៨។ រូបភាព៖ Reuters
លោក​នាយករដ្ឋមន្ត្រី​នេប៉ាល់ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កាសែត​រដ្ឋ​ចិន​ Global Times​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​«ការ​ត​ភ្ជាប់​ផ្លូវ​ឆ្លងកាត់​ព្រំដែន​ គឺ​ជា​រឿង​អាទិភាព​បំផុត​របស់​នេប៉ាល់»​។ ហើយ​​លោក​ ក៏​បាន​អំពាវនាវ​អោយ​ប្រទេស​ទាំងពីរ​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ប្រភព​ថាមពល​វា​រី​អគ្គិសនី​របស់​នេប៉ាល់​ផង​ដែរ»។

ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​ចិន ​Li Keqiang បាន​ថ្លែង​ដូច្នេះ​ថា ចិន ​ក៏​នឹង​មានបំណង​ធ្វើការ​ជាមួយ​នេប៉ាល់​ដើម្បី​ស្ថាបនា​បណ្ដាញ​​ផ្លូវ​កាត់​តំបន់​ហិមាល័យ​ តាមរយៈ​ផ្លូវ​អាកាស កំពង់ផែ ផ្លូវគោក ​និង​ទូរគមនាគមន៍​។

គួរ​បញ្ជាក់​ថា ក្នុង​ជំនួប​រវាង​លោកOli និងលោក​Li ភាគី​ទាំង​២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង​១០ រួម​មាន​ដូច​ជា បច្ចេកវិទ្យា ការ​ដឹកជញ្ជូន​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​កិច្ច​សហប្រតិបត្តិការ​នយោបាយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​របស់​រដ្ឋាភិបាល​ចិន កាល​ពី​ថ្ងៃ​ទី២១​ មិថុនា​ម្សិលមិញ។

ប្រភព៖ Reuters ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;