ឥណ្ឌា ក្លាយជាប្រទេសដែលខ្ចីលុយច្រើនជាងគេបំផុត ពីធនាគារ AIIB របស់​ចិន

  • 2018-06-25 08:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌា​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៧​ បាន​ជាប់ឈ្មោះជា​ប្រទេស​ដែល​ខ្ចី​លុយ​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី(AIIB) ច្រើនជាង​គេបំផុត​។ កម្ចី​របស់​ឥណ្ឌា​ពី​ធនាគារ​ AIIB​ សម្រាប់​ផ្គត់ផ្គង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន បាន​កើន​ឡើង​ដល់ ៤,៤ ពាន់​លាន​ដុល្លារ ក្នុងរយៈ​ពេល​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​កិច្ចការ​សេដ្ឋកិច្ច​ឥណ្ឌា លោក Subhash Chandra Garg នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​។

លោក Subhash Chandra Garg ថ្លែង​នាពេលកន្លងមក។ រូបភាព៖ Ramesh Pathania
ការ​ឲ្យ​ដឹង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៣ របស់​ធនាគារ ​AIIB​ កំពុង​រៀប​ចំ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង Mumbai នៅ​ថ្ងៃ​ទី​២៥ ​មិថុនា​ ឆ្នាំ​២០១៨​នេះ។ កិច្ចប្រជុំ​រយៈ​ពេល​ ២​ ថ្ងៃ​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ក្រោម​ប្រធាន​បទ​ «នវានុវត្តន៍​ និង​កិច្ច​សហប្រតិបត្តិការ»។

ជាមួយគ្នានេះ អគ្គនាយករង​នៃ​ធនាគារ AIIB លោក Danny Alexander បាន​និយាយ​ថា ធនាគារ​នេះ គឺពុំបានទាក់ទង​ទៅ​នឹង​បញ្ហា​នយោបាយ​ឡើយ ហើយ​រាល់​គម្រោង​ទាំងអស់ ​ត្រូវ​តែ​ឆ្លងកាត់​ការធ្វើតេស្ត​របស់​ធនាគារ​ពាក់ព័ន្ធនឹងបញ្ហា​បរិស្ថាន និង​និរន្តរភាព​។ លោកAlexander ​បាន​បន្ថែម​ទៀត​ថា ធនាគារ​ AIIB ក៏​នឹង​ពិចារណា​ទៅ​លើ​ការ​វិនិយោគ ​ក្នុង​គម្រោង​នៅ​ក្រៅ​តំបន់​អាស៊ី​ថែមទៀត​ផង។

គួរ​បញ្ជាក់​ថា ធនាគារ AIIB គឺ​ជា​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី ដែល​បង្កើតឡើង​ក្នុងគោលបំណងជួយ​គាំទ្រ​​ លើ​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ធនាគារ​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំងនេះ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ក្នុង​ខែ​ មករា ឆ្នាំ​២០១៦។ សព្វ​ថ្ងៃ​នេះ ធនាគារ​នេះ មាន​សមាជិក​ចំនួន​ ៦៤ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។ កម្ពុជា​ បាន​ក្លាយ​សមាជិក​របស់​ធនាគារ​ AIIB ក្នុងខែ​ ឧសភា ឆ្នាំ​២០១៦​៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;