សំណុំ​រឿង​ស្ត្រីខ្មែរ​ពរពោះ​ជំនួស៖ ​តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ និង​មេការ ៥​នាក់

  • 2018-06-25 10:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំណុំ​រឿង​ស្រ្តី​ខ្មែរ​ពរពោះ​ជំនួស​៣៣នាក់​ និង​ជួញដូរ​មនុស្ស​ឆ្លងដែន ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ក្នុងនោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​នារីខ្មែរ​ចំនួន ០៤​នាក់ កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨ ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​ជា​បន្ត​ទៀត។

ជនសង្ស័យ​ទាំង៥នាក់​មាន​ដូចជា៖ ១.ឈ្មោះ Tiu Qiang ភេទប្រុស ជនជាតិ​ចិន អាយុ ៤៩​ឆ្នាំ ជា​មេការ។ ២. ឈ្មោះ ស្វាយ ស៊ីណុច ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជា​មេការ។ ៣. ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ ២៧​ឆ្នាំ ជា​មេការ។ ៤. ឈ្មោះ លឹម សុភាព ភេទស្រី អាយុ ១៩​ឆ្នាំ ជាអ្នក​បកប្រែ និង​៥. ឈ្មោះ ថៃ ភាព ភេទស្រី អាយុ ៤៣​ឆ្នាំ ជា​មេការ។ មនុស្ស​ទាំង​០៥នាក់​នេះ ជាប់​សង្ស័យ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន។

នារីខ្មែរ ដែលត្រូវតុលាការ​សម្រេចឃុំខ្លួន ក្នុងសំណុំ​រឿង​ស្រ្តី​ខ្មែរ​ពរពោះ​ជំនួស​៣៣នាក់​ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨
តាម​របាយការណ៍​បាន​ឱ្យដឹង​ថា ជន​សង្ស័យ​ទាំង ៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះវីឡា​លេខ២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡាលេខ​៩A ផ្លូវ​៣៤៨ ស្ថិត​នៅក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវលេខ​៥ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។ ចំពោះ​​ការចុះ​​បង្ក្រាប​​នៅផ្ទះ​លេខ​២A គឺ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ២៥​នាក់ ប្រុស ២​នាក់ និង​បាន​រឹប​អូស​រថយន្ត ១គ្រឿង​ម៉ាកស្តារិច និង​ម៉ូតូ​ហុងដា Today ១គ្រឿង។ ចំណែក​​​​ផ្ទះលេខ​៩A គឺ​សមត្ថកិច្ច​ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ១៨​នាក់ រួមទាំង​ក្មេង ២​នាក់ និង​រថយន្ត ១​គ្រឿង​ម៉ាក Lexus 470 ព្រមទាំង​​ដកហូត​ឯកសារ​មួយ​ចំនួន រួមមាន លិខិតឆ្លងដែន​ ឯកសារ​ពាក់ព័ន្ធ និង​ឱសថ​ការពារ​ទារក​មួយ​ចំនួន​ធំ។

តាម​ចម្លើយ​របស់​នារី​ពរពោះ​ជំនួស​ទាំង​៣៣​នាក់ ឱ្យដឹងថា ​ក្នុង​កូន១​ដែល​ពួកគាត់​ពរពោះ​ជំនួសនេះ​ ទទួលបាន​ប្រាក់​កំរៃ​ចំនួន ១ម៉ឺន​ដុល្លារ គិតចាប់​ពីខែ​ដំបូង​ ឱ្យ​ចំនួន​៥០០​ដុល្លារ ខែ​បន្ទាប់ ៣០០​ដុល្លារ រហូតដល់​កើត ទើប​ទទួល​បាន​ចំនួន ៦ពាន់​ដុល្លារ​បន្ថែម​ទៀត។ ចំពោះ​ការថែ​ទាំ​គភ៌ ការ​ប្រសូត្រ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន។

លក្ខណៈ​ពិសេស​នៃការ​ពរពោះ​ជំនួស​ក្នុង​ករណី​នេះ គឺ​ពេល​ជិត​ដល់​ត្រូវ​ឆ្លង​ទន្លេ ប្រសូត្រ គឺ​ក្រុមហ៊ុន​បញ្ជូន​ស្ត្រី​ពរពោះ​ទៅ​ប្រទេសចិន​ សម្រាល​កូន​រួច​ទើប​បញ្ជូន​មកស្រុក​ខ្មែរ​វិញ ហើយ​ប្រគល់​លុយ​បង្គ្រប់ ១ម៉ឺន​ដុល្លារ ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;