៧​ចំណុច ធ្វើ​ឲ្យ​ផែនការ​សម្រក​ទម្ងន់​របស់​អ្នក​មិន​ទទួល​ជោគជ័យ

  • 2018-06-29 07:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក ការ​ឡើង​ទម្ងន់​មាន​កំណើន​ដល់​ទៅ​៣​ដង​ឯណោះ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក​នេះ។ ការ​សម្រក​ទម្ងន់​អាច​ជា​រឿង​ពិបាក។ អ្នក​ខ្លះ​ប្រឹង​ហាត់​ប្រាណ ខ្លះ​តម​អាហារ ឬ​​ធ្វើ​តាម​វិធី​ផ្សេងៗ​រៀងៗ​ខ្លួន។ យ៉ាង​ណា​មិញ ពួក​គេ​មិន​បាន​ដឹង​ទេ​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​មិន​អាច​ជំរុញ​ឲ្យ​ផែនការ​បញ្ចុះ​ទម្ងន់​​នោះ​ទទួល​ជោគជ័យ។

ចំណុច​ទាំង​នោះ មាន​ដូច​ខាង​ក្រោម៖

១. ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក

អ្នក​ជំនាញ បាន​បញ្ជាក់​ថា មនុស្ស​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក អាច​បញ្ចុះ​ទម្ងន់​ច្រើន​ជាង​អ្នក​ដែល​មិន​បរិភោគ​អ្វី​សោះ។ ការ​រក​ឃើញ​នេះ បាន​សិក្សា​ទៅ​លើ​មនុស្ស​វ័យ​ជំទង់​ចំនួន ៣៥០​នាក់​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ ជា​ទូទៅ ប្រសិន​បើ​ពួក​គេ​មិន​ទទួល​ទាន​នៅ​ពេល​ព្រឹក នោះ​ពួក​គេ​នឹង​​ញ៉ាំ​ច្រើន​នៅ​ពេល​ថ្ងៃ​ទៅ​វិញ។

២. ការ​មិន​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​រាងកាយ អាច​ជួយ​ដុត​កាឡូរី និង​ជួយ​ឲ្យ​ការ​សម្រក​ទម្ងន់​កាន់​តែ​មាន​ប្រសិទ្ធភាព។ ការ​សិក្សា​រក​ឃើញ​ថា ការ​ទទួល​ទាន​ទឹក​១​ថ្ងៃ​បាន​១​លីត្រ នឹង​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន ២​គីឡូ​ក្រាម ក្នុង​១​ឆ្នាំ។

៣. ការ​ញ៉ាំ​អាហារ​នៅ​ពេល​យប់​ជ្រៅ​

កាល​ណា​បរិភោគ​អាហារ​នៅ​ពេល​កាន់​តែ​យប់​ជ្រៅ កម្រិត​នៃ​ការ​ដុត​បំផ្លាញ​កាឡូរី​នៅ​ក្នុង​រាងកាយ​កាន់​តែ​ដំណើរការ​មិន​បាន​ល្អ ហើយ​កាឡូរី​ដែល​នៅ​សេសសល់​នឹង​ត្រូវ​បម្លែង​ទៅ​ជា​ជាតិ​ខ្លាញ់។

៤. ការ​អត់​ងងុយ

ការ​គេង​មិន​បាន​ពេញ​ភ្នែក ពិត​ជា​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​ទម្ងន់​របស់​អ្នក។ ប្រសិន​បើ​អ្នក​នឿយហត់​ខ្លាំង អ្នក​ទំនង​ជា​បោះបង់​ចោល​ការ​ធ្វើ​លំហាត់​ប្រាណ រួច​ចាប់​ផ្ដើម​ទទួល​អាហារ​សម្បូរ​កាឡូរី​ខ្ពស់ ដើម្បី​បំពេញ​កម្លាំង។ បន្ថែម​ពី​នេះ ការ​គេង​មិន​ស្កប់ស្កល់ នឹង​ធ្វើ​ឲ្យ​សមត្ថភាព​រំលាយ​អាហារ​ចុះ​ខ្សោយ។ ជម្រើស​ល្អ​គឺ​គួរ​គេង​ឲ្យ​បាន​យ៉ាង​តិច ៧​ម៉ោង​ក្នុង​១​ថ្ងៃ។

៥. ការ​មិន​សូវ​បរិភោគ​អាហារ​មាន​ជាតិ​ខ្លាញ់

ស្ដាប់​ទៅ​ចម្លែក​មែន​ទេ? ប្រាកដ​ណាស់ បើ​អ្នក​មិន​សូវ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ នោះ​អ្នក​នឹង​អាច​ឡើង​ទម្ងន់​លឿន។ មូលហេតុ​ដោយសារ​តែ​អាហារ​ដែល​គ្មាន​ជាតិ​ខ្លាញ់ នឹង​ធ្វើ​ឲ្យ​​អ្នក​ឆាប់​ហេវហត់ ហើយ​ញ៉ាំ​កាន់​តែ​ច្រើន ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន។

៦. ការ​ផឹក​ជាតិ​អាកុល​ច្រើន​ហួស​កម្រិត

ការ​ទទួល​ទាន​ជាតិ​អាកុល អាច​បណ្ដាល​ឲ្យ​អ្នក​ដុះ​ក្បាល​ពោះ និង​ឡើង​ទម្ងន់​ឆាប់​រហ័ស។

៧. ការ​អង្គុយ​នៅ​មួយ​កន្លែង​ពេញ​មួយ​ថ្ងៃ

ការ​អង្គុយ​នឹងថ្កល់​មួយ​កន្លែង មិន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ឡើយ។ ដូច្នេះ​ហើយ​អ្នក​គួរ​ងើប​ដើរ​ធ្វើ​ចលនា​រៀងរាល់ ៦០ ទៅ ៩០​នាទី​ម្ដង ឬ​បញ្ចេញ​កាយវិការ​ហាត់​ប្រាណ​តាម​ដែល​អាច​ធ្វើ​បាន​នៅ​កន្លែង​អង្គុយ​តែ​ម្ដង។ បើ​មិន​ដូច្នោះ​ទេ រាងកាយ​អ្នក​នឹង​ឆាប់​ឡើង​ទម្ងន់​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;