សម្ដេច ហ៊ុន សែន ច្រានចោល​ព័ត៌មាន​ពី​ការ​វិនិយោគ​របស់ចិន​ទៅលើបឹង​យក្សឡោម​

  • 2018-07-03 03:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​សារ​បដិសេធ​រឿង​ដែល​ថា បឹង​យក្សឡោម​នឹង​ត្រូវ​បាន​ដាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​ក្នុង​រយៈពេល​៧៥​ឆ្នាំ។

ការ​ច្រានចោល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​បាន​អាន​ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​ដោយ "រស្មី​កម្ពុជា" អំពី​សំណើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ដាសេងហ្វ័រឈូន (ខេមបូឌា) អ៊ែសេតមេនិចមិន ខមភេនី។ រស្មី​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​គម្រោង​វិនិយោគ​នៅ​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ដែល​មាន​ផ្ទៃដី​ទំហំ ២៨០​ហិកតា និង​ផ្ទៃ​ទឹក​ទំហំ ៥០,២៤​ហិកតា ស្ថិត​នៅ​ភូមិ​ឡាប៉ូ សង្កាត់​យក្សឡោម ក្រុង​បានលុង ខេត្ត​រតនគីរី។ គម្រោង​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​វិនិយោគ​ចំនួន ៧​លាន​ដុល្លារ។

ប្រភព​ពី​សារព័ត៌មាន​ដដែល បាន​បញ្ជាក់​​ទៀត​ថា ក្រោយ​ពី​សិក្សា​លើ​ចំណុច​ទាំង​១៤​នៃ​គម្រោង​វិនិយោគ​នេះ​រួច​ថា​មិន​បាន​ផ្ដល់​ផល​ប៉ះពាល់​អ្វី​ឲ្យ​ធំ​ដុំ លោក Li Shuchun ដែល​ជា​ប្រធាន​ក្រុមហ៊ុន ដាសេងហ្វ័រឈូន (ខេមបូឌា) អ៊ែសេតមេនិចមិន ខមភេនី ក៏​បាន​ដាក់​សំណើ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ។ លុះ​ដល់​ថ្ងៃ​ទី​១០ ខែ​មេសា​ ឆ្នាំ​២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក៏​បាន​ឯកភាព​ទៅ​លើ​គម្រោង​ស្នើ​សុំ​របស់​ក្រុមហ៊ុន​ចិន​នេះ។ យ៉ាង​ណា​មិញ លោក ញឹម ផែន អភិបាល​រង​ខេត្ត​រតនគីរី បាន​ឲ្យ​ដឹង​កាល​ពី​​រសៀល​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៨ ថា គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​នៅ​ខ្វះ​នីតិវិធី​ច្រើន ដែល​ត្រូវ​បំពេញ មុន​នឹង​អាច​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

បន្ទាប់​ពី​មើល​ឃើញ​ការ​ចុះ​ផ្សាយ​យ៉ាង​ដូច្នេះ សម្ដេច ហ៊ុន សែន ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​បាន​លើក​ឡើង​ថា សម្ដេច​សុំ​ទាត់ចោល​ទាំង​ស្រុង​នូវ​ការ​វិនិយោគ​ឯកជន​ណា​មួយ​មក​លើ​បឹង​យក្សឡោម បើ​ទោះ​ជា​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;