រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹង​ជួប​ចរចា​ផ្ទាល់​ជាមួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង

  • 2018-07-03 04:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mike Pompeo នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ពិភាក្សា​ជាមួយ​​​លោក គីម ជុងអ៊ុន អំពី​រឿង​កម្ទេច​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ បើ​យោង​តាម​ការ​ប្រកាស​របស់​​សេតវិមាន​អាមេរិក​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា ដំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ​នឹង​មាន​រយៈពេល​៣​​ថ្ងៃ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ រហូត​ដល់​ថ្ងៃ​សៅរ៍​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៨។

ជំនួប​រវាង​លោក Mike និង​លោក គីម នឹង​ផ្ដោត​សំខាន់​ទៅ​លើ​វិធានការ និង​កាល​បរិច្ឆេទ​លុប​ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ បន្ទាប់​ពី​ជំនួប​​នេះ លោក​រដ្ឋមន្ត្រី នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍។ នៅ​ទីនោះ លោក​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​មន្ត្រី​របស់​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជុំវិញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​កម្ទេច​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង។

សូម​រំលឹក​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​បញ្ជាក់​ថា គម្រោង​លុប​បំបាត់​កម្មវិធី​មីស៊ីល​បាលីស្ទិក និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង នឹង​អាច​ដំណើរការ​នៅ​ក្នុង​រយៈពេល​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​យល់​ព្រម​សហការ​ដោយ​ស្ម័គ្រ​ចិត្ត។ លោក Bolton បាន​ប្រាប់​បន្ត​ថា ក្រោយ​ដំណើរការ​កម្ទេច​នេះ អាមេរិក​នឹង​ដក​ទណ្ឌកម្ម​ចេញ​ពី​កូរ៉េ​ខាង​ជើង​ឲ្យ​បាន​លឿន ហើយ​ប្រទេស​មួយ​នេះ​នឹង​ទទួល​បាន​ជំនួយ​ពី​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។

ចំណែក​ឯ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ក៏​បាន​អះអាង​ដែរ​ថា កូរ៉េ​ខាង​ជើង​ពិត​ជា​មាន​ជំហរ​ហ្មត់ចត់​ក្នុង​ការ​កម្ទេច​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ក្រោយ​ពី​ជំនួប​កំពូល​នៅ​សិង្ហបុរី កាល​ពាក់​កណ្ដាល​ខែ​មិថុនា។ លោក ត្រាំ បាន​ប្រកាស​ថា អាមេរិក​មិន​បាន​ផ្ដល់​ជា​សម្បទាន​ណា​មួយ​ទេ​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង ដើម្បី​ជំរុញ​ទឹក​ចិត្ត​ក្នុង​ការ​កម្ទេច​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប៉ុន្តែ​លោក​ថា នៅ​ពេល​​ខាង​មុខ​អាមេរិក​នឹង​មាន​របស់​ល្អៗ​សម្រាប់​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ដែល​ជា​​ការ​បើក​ផ្លូវ​នាំ​​ប្រទេស​មួយ​នេះ​ឆ្ពោះ​ទៅ​​កាន់​អនាគត​ត្រចះត្រចង់៕

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;