ខេម ថា​មិនទាន់​ដល់​​វេន​ខ្លួន ត្រូវ​បញ្ចេញ​សមត្ថភាព​លើការ​សម្តែង​ភាពយន្ត​​នៅ​ឡើយ

  • 2018-07-05 07:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​តារា​ចម្រៀង​​ជា​ច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​ផលិតកម្ម​ថោន​ ជ្រើស​រើស​ឲ្យ​សម្ដែង​ភាពយន្ត​ ក៏​ដូច​ជា​រឿង​កំប្លែង​​ខ្លីៗ​ជា​បន្តបន្ទាប់ លោក ខេម ដែល​ជា​តារា​ចម្រៀង​ម្នាក់​ក្នុង​ផលិតកម្ម​នេះ បាន​លើក​ឡើង​ថា ការ​សម្ដែង​ភាពយន្ត​បន្ថែម​លើ​អាជីព​ជា​តារា​ចម្រៀង គឺ​មិន​ទាន់​ដល់​វេន​លោក​ឡើយ។

ខេម បញ្ជាក់​ថា ចំពោះ​ការ​សម្តែង​ភាពយន្ត មិនមែន​លោក​មិនចង់​នោះ​ទេ ប៉ុន្តែ​គម្រោង​នៃ​ការ​ថត​របស់​ផលិតកម្ម​ថោន គឺ​មិន​ទាន់​មាន​សាច់​រឿង​ណា​ ដែល​ត្រូវ​នឹង​តួ​របស់​លោក​នៅឡើយ។

ខេម កំពុងច្រៀងនៅក្នុងកម្មវិធីប្រគុំតន្រ្តី១ នាពេលកន្លងមក
​ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ភាពយន្ត​ដែល​​លោក​ចង់​សម្ដែង​​​នោះ ជា​ភាពយន្ត​បែប​មនោសញ្ចេតនា​​បែប​ស្រុក​ស្រែ ហើយ​ចង់​សម្ដែង​ជា​តួឯក​តែ​ម្ដង។ ចំពោះ​ការ​ថត​រឿង​ខ្លីៗ រឿង​កំប្លែង ដូច​ជា​កម្មវិធី"ដូចឆ្នឹងផង"​ដែល​មាន​តារា​ចម្រៀង​ជា​ច្រើន​​ក្នុង​ផលិតកម្ម​ចេញ​មុខ​ថត​ជា​បន្តបន្ទាប់ ខេម បាន​បដិសេធ​មិន​សម្ដែង​ឡើយ ដោយ​លោក​​លើក​ហេតុ​ផល​ថា ខ្លួន​ជា​តារា​ចម្រៀង មិនមែន​ជា​​តួ​កំប្លែង​នោះ​ទេ។

ជា​មួយ​នឹង​ការ​ថត​ភាពយន្ត​ផង​ដែរ ទោះបីជា​បច្ចុប្បន្ន​ខ្លួន​ជា​តារា​ចម្រៀង​មាន​កុងត្រា​ក្ដី ខេម និយាយ​ថា ផលិតកម្ម​​ថោន​មិន​បាន​បិទ​សិទ្ធិ​ខ្លួន​ឡើយ គឺ​លោក​នៅ​តែ​អាច​ថត​ឲ្យ​ផលិតកម្ម​ផ្សេង​​បាន​ ប្រសិន​បើ​មាន​ផលិតកម្ម​មួយ​ណា​ចង់​បាន​លោក​ទៅ​សម្ដែង​នោះ ប៉ុន្តែ​មុន​ការ​ព្រមព្រៀង​គ្នា​ ក៏​ត្រូវ​តែ​មាន​ការ​​ចរចា​​ពី​ការ​ថត​នោះ តើអាច​មាន​ផល​ប៉ះពាល់​ដល់​ផលិតកម្ម​ ឬ​ប្រជាប្រិយភាព​កម្រិត​ណា​ជា​មុខ​​សិន។

ទោះបីជា​ជា​មិន​ទាន់​ដល់​វេន​ចេញ​ថត​រឿង​ក្ដី តាម​ការ​លើក​ឡើង​របស់​ខេម ផលិតកម្ម​មិន​បាន​ទុក​លោក​ចោល​ឡើយ។ តារា​ចម្រៀង​រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ថា នៅ​រដូវ​ភ្លៀង​នេះ​ផលិតកម្ម​បាន​ត្រៀម​បទ​ចម្រៀង​​ឲ្យ​លោក​ជា​ច្រើន​បទ​ផង​ដែរ ហើយ​គ្រោង​បញ្ចេញ​ឆាប់​នេះ​តែ​ម្ដង៕

ប្រភព៖ Sabay News អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី
;