យន្តហោះ​ឯកជន​របស់ គីម ជុងអ៊ុន បាន​លួច​ហោះ​ទៅ​រុស្ស៊ី​ដោយ​សម្ងាត់?

  • 2018-07-10 01:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់ Flight Radar 24 បាន​ឲ្យ​ដឹង​ថា យន្តហោះ​ឯកជន​​១​គ្រឿង​របស់​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ត្រូវ​ប្រទះ​ឃើញ​ថា​បាន​ហោះ​ចូល​ទីក្រុង Vladivostok ប្រទេស​រុស្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៩ កក្កដា ម្សិលមិញ។

ប្រព័ន្ធ​រ៉ាដា​របស់ Flight Radar 24 បាន​កត់សម្គាល់​ថា យន្តហោះ​១​គ្រឿង​នេះ​មាន​ឈ្មោះ​ថា Air Force One ឬ​ហៅ​ថា Chammae-1 ដែល​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​សូវៀត​ម៉ាក Iiyushin II-62M។ យន្តហោះ Chammae-1 បាន​ហោះ​ចូល​ប្រទេស​រុស្ស៊ី និង​ចាក​ចេញ​វិញ នៅ​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​រយៈពេល​ត្រឹម​តែ ៣​ម៉ោង​ប៉ុណ្ណោះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Yonhap បាន​ឲ្យ​ដឹង​ថា យន្តហោះ​១​គ្រឿង​នេះ អាច​ផ្ទុក​មន្ត្រី​របស់​កូរ៉េ​ខាង​ជើង ដើម្បី​ទៅ​ពិភាក្សា​ការងារ​អំពី​រឿង​ដែល​រុស្ស៊ី​អញ្ជើញ​លោក គីម ជុងអ៊ុន ចូលរួម​ក្នុង "វេទិកា​សេដ្ឋកិច្ច​ខាង​កើត" នា​ខែ​កញ្ញា​ខាង​មុខ។

នៅ​អត្ថបទ​ព័ត៌មាន​​របស់​ខ្លួន Yonhap បាន​សរសេរ​ថា៖ "មិន​មាន​ការ​ធានា​អះអាង​ណា​មួយ​ទេ​ដែល​ថា មេ​ដឹក​នាំ គីម ជុងអ៊ុន នៅ​លើ​យន្តហោះ​១​គ្រឿង​នោះ នៅ​ពេល​ដែល Chammae-1 (យន្តហោះ​ឯកជន​របស់​លោក) បាន​ចេញ​ដំណើរ។ មន្ត្រី​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ (ទីក្រុង Vladivostok) ដើម្បី​ត្រៀម​លក្ខណៈ​នៃ​ការ​ចូលរួម​របស់​លោក គីម នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ខាង​កើត ដែល​នឹង​ប្រារព្ធ​ឡើង​នៅ Vladivostok នៅ​ខែ​កញ្ញា​នេះ"។

ពាក់ព័ន្ធ​នឹង​រឿង​ហោះហើរ​ដោយ​សម្ងាត់​នេះ មន្ត្រី​របស់​រុស្ស៊ី បាន​បញ្ជាក់​ថា ពួក​គេ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ឡើយ។ "ខ្ញុំ​មិន​អាច​ផ្ដល់​ជា​យោបល់​អ្វី​ទេ​ចំពោះ​​បញ្ហា​នេះ។ យើង​គ្មាន​ព័ត៌មាន​​អ្វី​ត្រូវ​ប្រាប់​ទេ" នេះ​ជា​ការ​លើក​ឡើង​របស់​លោក Dmitry Peskov អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង Kremlin។

សូម​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​អញ្ជើញ​លោក គីម ឲ្យ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ខាង​កើត ស្រប​ពេល​វត្តមាន​របស់​លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ក៏​នឹង​បង្ហាញ​ខ្លួន​នៅ​ទីនោះ​ផង​ដែរ។ យ៉ាង​ណា​មិញ លោក គីម ជុងអ៊ុន មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​អញ្ជើញ​នេះ​ទេ តែ​កាល​ពី​ខែ​មិថុនា​មុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​បញ្ជូន​ប្រតិភូ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង Vladivostok ម្ដង​រួច​មក​ហើយ ក្នុង​គោល​បំណង​រឹត​បន្តឹង​ចំណង​មិត្តភាព​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្ដូ​បន្ថែម​ទៀត៕

ប្រភព៖ UPI | Sputnik News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;